កាណាដា៖ លោកនាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney បានប្រកាសកាលពីល្ងាចថ្ងៃព្រហស្បតិ៍បន្ទាប់ពីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថា កាណាដាបានឯកភាពលើកញ្ចប់ជំនួយតម្លៃ ៣៥០ លានដុល្លារកាណាដា (២៥២លានដុល្លារអាម៉េរិក) ដើម្បីឱ្យទីក្រុងគៀវទទួលបានមីស៊ីលស្ទាក់ចាប់ (interceptors) សម្រាប់ការពារដែនអាកាសរបស់ខ្លួន។
លោក Carney បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Calgary ថា៖ នៅពេលដែលរុស្ស៊ីបង្កើនសង្គ្រាមតាមអាកាសដ៏ឃោរឃៅដោយវាយប្រហារមិនរើសមុខទៅលើប្រជាជនស៊ីវិល ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនគឺមានសារៈសំខាន់បំផុត។ លោកបានបន្តថា៖ «នៅថ្ងៃនេះ កាណាដា និងអ៊ុយក្រែនបានបញ្ចប់កិច្ចព្រមព្រៀងមួយដើម្បីផ្តល់ជូននូវមីស៊ីលស្ទាក់ចាប់ការពារដែនអាកាសដ៏សំខាន់កញ្ចប់ឧបករណ៍ដែលមានតម្លៃ ៣៥០ លានដុល្លារកាណាដានេះ នឹងជួយការពារប្រជាជន ហេដ្ឋារចនាសម្ព័ន្ធ និងដែនអាកាសរបស់អ៊ុយក្រែន»។ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីប្រភេទមីស៊ីលស្ទាក់ចាប់ដែលនឹងត្រូវផ្តល់ជូន ឬពេលវេលាដែលជំនួយនេះនឹងចាប់ផ្តើមបញ្ជូនទៅនោះទេ។
ជាការឆ្លើយតបលោក Zelenskyy បានមានប្រសាសន៍ថា៖ ខ្ញុំសូមអរគុណចំពោះកញ្ចប់ជំនួយនេះ វាមានសារៈសំខាន់បំផុត ជាពិសេសនៅពេលនេះ។ លោក Zelenskyy បញ្ជាក់ទៀតថាអ៊ុយក្រែនត្រូវការបច្ចេកវិទ្យា និងថវិកាបន្ថែមទៀត ដើម្បីផលិតយន្តហោះគ្មានមនុស្សបើកឱ្យបានគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី។
គួររម្លឹកថាកាណាដាជាប្រទេសមួយក្នុងចំណោមប្រទេសដែលគាំទ្រអ៊ុយក្រែនយ៉ាងខ្លាំងក្លា បានប្តេជ្ញាផ្តល់ជំនួយសរុបជាង ២៥,៥ ពាន់លានដុល្លារកាណាដា ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ ២០២២ មក រួមទាំងជំនួយយោធាដែលមានតម្លៃ ៨,៥ ពាន់លានដុល្លារកាណាដា។ លោក Carney ក៏បានលើកឡើងថា កាណាដាមានគោលបំណងបង្កើនការផលិតយន្តហោះគ្មានមនុស្សបើក (drone) ដើម្បីអាចផលិតបានរាប់លានគ្រឿងក្នុងរយៈពេលពីរឆ្នាំខាងមុខ។ លោកបានបញ្ជាក់ថា មួយភាគបីនៃចំនួននោះនឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន៕