Swift cc time

ក្រុមហ៊ុនផលិតរថយន្តអាម៉េរិក ជំរុញឱ្យសភាហាមឃាត់ជាអចិន្ត្រៃយ៍ការនាំចូលរថយន្តពីប្រទេសចិន ក្រោមហេតុផលបារម្ភសន្តិសុខជាតិ និងសេដ្ឋកិច្ច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ សម្ព័ន្ធសម្រាប់នវានុវត្តន៍ក្នុងវិស័យរថយន្ត (Alliance for Automotive Innovation) ដែលតំណាងឱ្យក្រុមហ៊ុនផលិតរថយន្តធំៗដូចជា General Motors, Ford, Toyota, Volkswagen, Hyundai, Honda និង Stellantis បានផ្ញើលិខិតមួយទៅកាន់ថ្នាក់ដឹកនាំសភាកាលពីថ្ងៃទី ៣ ខែកញ្ញា ដោយអំពាវនាវឱ្យមានវិធានការមុនពេលអាណត្តិរបស់សភាបច្ចុប្បន្នបញ្ចប់។ ក្រុមតំណាងក្រុមហ៊ុនផលិតរថយន្តធំៗអាម៉េរិកទាំងនេះបានស្នើឱ្យមានការហាមឃាត់ជាអចិន្ត្រៃយ៍លើការលក់ ការនាំចូល និងការផលិតរថយន្តចិនលក់ចូលក្នុងទីផ្សារអាម៉េរិក។

ក្រុមហ៊ុនផលិតរថយន្តទាំងនោះលើកឡើងថា ក្រុមហ៊ុនចិនកំពុងលក់រថយន្តដែលទទួលបានការឧបត្ថម្ភធនយ៉ាងច្រើននៅក្នុងទីផ្សារនានាជុំវិញពិភពលោក ហើយថារថយន្តដែលមានបច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនងអាចប្រមូល ដំណើរការ និងបញ្ជូនទិន្នន័យអំពីយានយន្ត និងអ្នកប្រើប្រាស់បាន។ សម្ព័ន្ធធំៗទាំងនេះបញ្ជាក់ទៀតថា ទោះបីជាបញ្ហានេះមិនទាន់កើតឡើងក្នុងកម្រិតធំនៅសហរដ្ឋអាម៉េរិកក៏ដោយ ប៉ុន្តែពួកគេចង់ឱ្យរដ្ឋាភិបាលចាត់វិធានការមុនពេលដែលក្រុមហ៊ុនផលិតរថយន្តចិនអាចពង្រីកវត្តមានរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងសហរដ្ឋអាម៉េរិក។

ការជំរុញនេះរបស់តំណាងក្រុមហ៊ុនផលិតរថយន្តអាម៉េរិកធំៗទាំងនេះធ្វើឡើងស្របពេលដែលសភាកំពុងពិចារណាលើសេចក្តីព្រាងច្បាប់មួយដើម្បីដាក់កម្រិតលើរថយន្តចិន និងបច្ចេកវិទ្យារថយន្តដែលមានប្រព័ន្ធភ្ជាប់ទំនាក់ទំនងនៅក្នុងសហរដ្ឋអាម៉េរិក។ការដាក់កម្រិតដែលបានស្នើឡើងនេះមិនមែនគ្រាន់តែអនុវត្តចំពោះរថយន្តដែលផលិតនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចគ្របដណ្តប់លើគ្រឿងបម្លាស់នៃរថយន្តដែលមានប្រព័ន្ធភ្ជាប់ទំនាក់ទំនង និងក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយប្រទេសចិនផងដែរ។

លោក John Bozzella នាយកប្រតិបត្តិនៃក្រុមតំណាងសម្ព័ន្ធសម្រាប់នវានុវត្តន៍ក្នុងវិស័យរថយន្តអាម៉េរិក

លោក John Bozzella នាយកប្រតិបត្តិនៃក្រុមតំណាងនេះ បានបញ្ជាក់ក្នុងលិខិតមួយថា «នៅពេលនេះ ក្រុមហ៊ុនផលិតរថយន្តចិនកំពុងបញ្ចេញលក់រថយន្តដែលទទួលបានការឧបត្ថម្ភធនពីរដ្ឋាភិបាល និងមានបំពាក់ដោយបច្ចេកវិទ្យាដែលអាចភ្ជាប់ទំនាក់ទំនងបាន ទៅកាន់ទីផ្សារជុំវិញពិភពលោក។លោកទោះបីបញ្ហានេះមិនទាន់កើតឡើងនៅក្នុងសហរដ្ឋអាម៉េរិកនៅឡើយក៏ដោយ ប៉ុន្តែដោយសារតែទំហំ និងភាពបន្ទាន់នៃហានិភ័យនេះ លោកសូមជំរុញឱ្យលោកអ្នកអនុម័តច្បាប់ហាមឃាត់រថយន្ត គ្រឿងបម្លាស់នាៗ មុនពេលបញ្ចប់សម័យប្រជុំឆ្នាំនេះ ហើយដាក់ឱ្យគោលនយោបាយនេះក្លាយជាច្បាប់ជាធរមាន។

យ៉ាងណាមិញគិតមកទល់ពេលនេះ នៅមិនទាន់មានការអនុម័តការហាមឃាត់ជាអចិន្ត្រៃយ៍ណាមួយនៅឡើយទេ ដោយសភាចាំបាច់ត្រូវអនុម័តសេចក្តីព្រាងច្បាប់នេះជាមុនសិន ទើបវិធានការដាក់កម្រិតទាំងនោះអាចក្លាយជាច្បាប់បាន៕

Khcct banner

អត្ថបទទាក់ទង