ប៉េកាំង៖ មនុស្សប្រមាណ ២៥ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងហេតុការណ៍ឆេះនាវាដឹកទំនិញបរទេសមួយគ្រឿង ដែលកំពុងស្ថិតក្រោមការជួសជុលនៅក្នុងទីក្រុង Qingdao ភាគខាងកើតប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍។ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា អគ្គិភ័យបានផ្ទុះឡើងនៅម៉ោងប្រហែល ១១:១៥ ព្រឹក នៅឯកន្លែងជួសជុលនាវា Qingdao Beihai ខណៈពេលដែលការងារជួសជុល និងត្រួតពិនិត្យកំពុងដំណើរការ។ ក្នុងចំណោមមនុស្ស ៤២ នាក់ដែលនៅលើនាវា មាន ១២ នាក់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ហើយ ៥ នាក់បានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
បើតាម Xinhua នាវានេះជាប្រភេទនាវាដឹកទំនិញស្ងួត (dry bulk carrier) ដែលមានអាយុកាល ២០ ឆ្នាំ ចុះបញ្ជីនៅប្រទេសលីបេរីយ៉ា (Liberia) គ្រប់គ្រងដោយក្រុមហ៊ុន Yuyangkunpeng Shanghai Ship Management ហើយក្រុមហ៊ុន Huili Shipping Co Ltd គឺជាម្ចាស់ដែលបានចុះបញ្ជី ដោយនាវានេះបានមកដល់កន្លែងជួសជុលនាវា Qingdao កាលពីថ្ងៃទី ៣១ ខែសីហា ហើយបានស្ថិតនៅទីនោះចាប់តាំងពីពេលនោះមក។
លោកប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអំពាវនាវឱ្យមានការបង្កើនកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ ការស៊ើបអង្កេតយ៉ាងឆាប់រហ័ស និងវិធានការទទួលខុសត្រូវជុំវិញការឆាបឆេះនាវាមួយនេះ ដែលកន្លែងជួសជុលនាវានេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនរដ្ឋ China State Shipbuilding Corporation (CSSC) ដែលជាក្រុមហ៊ុនសាងសង់នាវាដ៏ធំបំផុតមួយរបស់ពិភពលោក។
គួររម្លឹកថា CSSC ជាក្រុមហ៊ុនសាងសង់នាវាចម្បាំងដ៏សំខាន់និងជាអ្នករចនាព្រមទាំងអ្នកសាងសង់នាវា និងឧបករណ៍សម្រាប់ប្រតិបត្តិការនៅសមុទ្រ (offshore equipment) ដ៏ធំបំផុតរបស់ប្រទេសនេះ ក្នុងឆ្នាំ ២០២២ នៅលើគេហទំព័ររបស់ក្រុមហ៊ុន CSSC ប្រចាំនៅ Qingdao បានបញ្ជាក់ថា កន្លែងជួសជុលនាវានេះមានសមត្ថភាពសាងសង់នាវាប្រចាំឆ្នាំចំនួន ៣ លានតោន (deadweight tons) និងអាចជួសជុលនាវាបានចំនួន ២១២ គ្រឿងក្នុងមួយឆ្នាំ៕