ដាឡាស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានប្រកាសកាលពីល្ងាចថ្ងៃពុធថា លោកនឹងផ្តល់ប្រាក់ចំនួន ៥,០០០ ដុល្លារអាម៉េរិកដល់មនុស្សពេញវ័យអាម៉េរិកគ្រប់រូប ប្រសិនបើបក្សសាធារណរដ្ឋរបស់លោកឈ្នះនិងបន្តគ្រប់គ្រងសភានៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកាខាងនេះ។ លោក ត្រាំ បានសន្យាបែបនេះមិនធ្លាប់មាននៅឯសមាជពាក់កណ្តាលអាណត្តិលើកដំបូងរបស់គណបក្សសាធារណរដ្ឋរបស់លោក ប៉ុន្តែនៅតែមិនច្បាស់ភ្លាមៗថាតើការទូទាត់នឹងដំណើរការយ៉ាងដូចម្តេច ឬថាតើវានឹងស្របច្បាប់ឬអត់នោះទេ ដោយមនុស្សពេញវ័យអាម៉េរិកប្រហែល ២៧០ លាននាក់ ដូចច្នេះរដ្ឋបាលលោកនឹងត្រូវចំណាយអស់ប្រហែល ១.៣៥ ពាន់លានដុល្លារអាម៉េរិកទើបអាចផ្តល់បានគ្រប់ៗគ្នា។
ក្នុងអំឡុងពេលថ្លែងសារនោះ លោក ដូណាល់ ត្រាំ ក៏បានអួតអាងពីជោគជ័យរបស់លោកក្នុងរយៈពេលពីរឆ្នាំ នៃប្រវត្តិសាស្ត្រក្នុងអាណត្តិជាប្រធានាធិបតីដោយលោកបានដាក់ខ្លួនឯងជាមនុស្សសំខាន់បំផុត នៅការបោះឆ្នោតនេះ ទោះបីជាប្រជាប្រិយភាពរបស់លោកកំពុងតែធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ។ លោកត្រាំអះអាងថា ប្រសិនបើយើងប្រគល់អនាគតរបស់អាម៉េរិកទៅឱ្យក្រុមប្រជាធិបតេយ្យឆ្វេងនិយមជ្រុល នោះប្រទេសជាតិរបស់យើងនឹងត្រូវចំណាយពេលមួយទសវត្សរ៍បន្ទាប់ ត្រឹមតែដើម្បីស្តារខ្លួនឱ្យឈរជើងឡើងវិញប៉ុណ្ណោះ ដោយនេះលោកចង់មានន័យថាមានតែបក្សរបស់លោកតែមួយគតដែលអាចបន្តធ្វើឲ្យសហរដ្ឋអាម៉េរិកអស្ចារ្យម្តងទៀតបាន៕