ភ្នំពេញ៖ អង្គការ NGO-CEDAW នាថ្ងៃទី៩ ខែកញ្ញា ២០២៦ បានរៀបចំកម្មវិធីប្រកាសចេញផ្សាយ របាយការណ៍ពិនិត្យតាមដានការអនុវត្តអនុញ្ញា ស៊ី-ដ សម្រាប់ប្រទេសកម្ពុជា ២០២៥ ដើម្បីផ្តល់ធាតុចូលសម្រាប់គោលនយោបាយ ច្បាប់ និងផែនការសកម្មភាពជាតិនានា។ របាយការណ៍នេះ នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធមនុស្ស និងសមភាពលើគ្រប់វិស័យសម្រាប់ស្រ្តី ជាពិសេសក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញា ស៊ី-ដ។
អង្គការ NGO-CEDAW គឺជាអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាតែមួយគត់ ដែលធ្វើសកម្មភាពផ្តោតជាពិសេសចំពោះការតាមដានការអនុវត្តអនុសញ្ញា ស៊ី-ដ។ អង្គការ NGO-CEDAW តែងតែធ្វើការសហការជាមួយរដ្ឋាភិបាល តាមរយៈការផ្តល់ធាតុចូលសម្រាប់គោលនយោបាយ ច្បាប់ និងផែនការសកម្មភាពជាតិនានា ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធមនុស្ស និងសមភាពលើគ្រប់វិស័យសម្រាប់ស្រ្តី ជាពិសេសក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញា ស៊ី-ដ ។ របាយការណ៍នេះ រៀបចំឡើងដោយ NGO-CEDAW សហការជាមួយអង្គការសង្គមស៊ីវិល ជាសមាជិក និងដៃគូរបស់ខ្លួន។
របាយការណ៍បានបង្ហាញឱ្យឃើញថា ទោះបីជាប្រទេសកម្ពុជាមានគោលនយោបាយ និងយុទ្ធសាស្រ្តជាច្រើនទាក់ទងនឹងយេនឌ័រក៏ដោយ ការអនុវត្តនៅតែមានកម្រិត មិនស្មើភាពគ្នា និងខ្វះខាតធនធាន។ ក្រសួងកិច្ចការនារី នៅតែស្ថិតក្នុងចំណោមក្រសួងដែលទទួលបានហិរញ្ញប្បទានទាបបំផុត ដោយទទួលបានថវិកាចំនួន ៥១,៩៧៩ លានរៀល ដែលស្មើនឹងប្រហែល ០,១៤% នៃថវិកាជាតិ ខណៈការបញ្ជ្រាបយេនឌ័រ នៅទូទាំងក្រសួងផ្សេងទៀតខ្វះធនធាន និងការទទួលខុសត្រូវដែលស៊ីសង្វាក់គ្នា។
អង្គការ NGO-CEDAW បានគូសបញ្ជាក់ថា ក្នុងចំណោមបរិបទជាតិ និងពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស វឌ្ឍនភាពដ៏មានអត្ថន័យឆ្ពោះទៅរកសមភាពយេនឌ័រនៅកម្ពុជា អាស្រ័យលើរដ្ឋាភិបាលក្នុងការអនុវត្តកំណែទម្រង់ជាបន្ទាន់ ប្រកបដោយចីរភាព និងមានធនធានគ្រប់គ្រាន់ ដែលផ្តោតលើសំឡេង អាទិភាព និង ស្ថានភាពជាក់ស្តែងរបស់ស្ត្រី ក្មេងស្រី និងអ្នកមិនកំណត់អត្តសញ្ញាណភេទស្រី ឬប្រុស ដើម្បីធានា បាននូវការទទួលបានសិទ្ធិមនុស្សរបស់ពួកគេយ៉ាងពេញលេញ។
គួរបញ្ជាក់ថា កម្មវិធីនេះ មានការចូលរួមពីសំណាក់ស្ថាប័នរដ្ឋាភិបាល ស្ថានទូត ទីភ្នាក់ងារអង្គការសហប្រជាជាតិ សមាជិកអង្គការ ដៃគូជាតិនិងអន្តរជាតិ យុវជន និងសាធារណជនសរុបប្រមាណ ១២០នាក់៕