Swift cc time

អាម៉េរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនវិនិយោគហិរញ្ញវត្ថុចិន Xinbi Guarantee និងបណ្តាលក្រុមហ៊ុនជាច្រើនទៀតពាក់ព័ន្ធ ONLINE SCAMS

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកបានរឹបអូសឆានែល Telegram និងរូបិយប័ណ្ណគ្រីបតូចំនួន ៥២ លានដុល្លារអាម៉េរិក ដែលជាប់ទាក់ទងនឹងប្រតិបត្តិការខុសច្បាប់របស់គេហទំព័រវិនិយោគបោកប្រាស់ ដោយរដ្ឋបាលលោក ត្រាំ បានដាក់ទណ្ឌកម្មលើគេហទំព័រទីផ្សារវិនិយោគ Xinbi Guarantee ជាភាសាចិន កាលពីថ្ងៃពុធ រួមជាមួយនឹងក្រុមហ៊ុនជាច្រើនទៀតនៅអាស៊ីពាក់ព័ន្ធជាមួយនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្លងដែន។ ក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិកក៏បានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថាខ្លួនបានរឹបអូសឆានែល Telegram និងកាបូបរូបិយប័ណ្ណគ្រីបតូដែលជាប់ទាក់ទងនឹង ONLINE SCAMS ដែលមានអ្នកប្រើប្រាស់ជាង ៦៥០,០០០ នាក់ ដោយបង្កកប្រាក់ជាង ៥២ លានដុល្លារអាម៉េរិក ដែលជាប្រាក់ដែលអាចលាងបានក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។

លោកស្រី Jeanine Pirro មេធាវីអាម៉េរិកប្រចាំស្រុក Columbia 

លោកស្រី Jeanine Pirro មេធាវីអាម៉េរិកប្រចាំស្រុក Columbia បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថានេះមិនមែនជារឿងឧក្រិដ្ឋកម្មនៅក្រៅប្រទេសឆ្ងាយនោះទេ វាជាការទាញយកប្រាក់សន្សំរបស់អាម៉េរិកដែលដំណើរការដោយសហគ្រាស និងវេទិកាឧក្រិដ្ឋកម្មឆ្លងដែនចិន។ លោកស្រីថាមានក្រុមហ៊ុន Xinbi Guarantee ដែលដំណើរការលើកម្មវិធីផ្ញើសារដែលបានអ៊ិនគ្រីប Telegram ត្រូវបានចោទប្រកាន់ពីបទអនុញ្ញាតឱ្យមជ្ឈមណ្ឌលបោកប្រាស់ទិញ និងលក់សេវាកម្មខុសច្បាប់ដែលកំណត់គោលដៅលើជនជាតិអាម៉េរិក ដោយដើរតួជាឈ្មួញកណ្តាលដែលភ្ជាប់ជាមួយពាណិជ្ជករ។

ក្នុងនោះក៏មានក្រុមហ៊ុន SafeW Technology Co ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងក្រុមហ៊ុន Anwen Technology Co ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ក៏ត្រូវបានរងផលប៉ះពាល់ដោយទណ្ឌកម្មដែរ ដោយសារតែពួកគេបានផ្តល់កម្មវិធីគាំទ្រដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនចិន Xinbi។ លោកស្រីថាក្រុមហ៊ុន Xinbi ត្រូវបានប្រើប្រាស់ដោយប្រតិបត្តិករមជ្ឈមណ្ឌលបោកប្រាស់ ដើម្បីទិញទំនិញ និងសម្រួលដល់ប្រតិបត្តិការក្នុងការគាំទ្រដល់ប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត រួមទាំងការក្លែងបន្លំហិរញ្ញវត្ថុប្រភេទផ្សេងៗ។

គួររម្លឹកថាក្រុមហ៊ុន Xinbi Guarantee ចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០២២ ទីផ្សាររបស់ Xinbi Guarantee បានដំណើរការទ្រព្យសម្បត្តិឌីជីថល និងរូបិយប័ណ្ណ fiat ស្មើនឹងជាង ២៤ ពាន់លានដុល្លារអាម៉េរិក តាមរយៈទីផ្សាររបស់ខ្លួនដែលភាគច្រើនសម្រួលដល់ប្រតិបត្តិការនៅក្នុងប្រទេសដែលមានទីតាំងនៅអាស៊ីអាគ្នេយ៍ ដែលដំណើរការតាមរយៈកម្មវិធី Telegram និងប្រព័ន្ធរូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដើរតួជា អ្នកធានាកណ្តាល ក្នុងការសម្រួលដល់ប្រតិបត្តិការរវាងក្រុមឧក្រិដ្ឋជនឆ្លងដែន និងអ្នកផ្គត់ផ្គង់សេវាកម្មផ្សេងៗ នេះបានន័យថានៅពេលក្រុមឆបោកទិញសេវាកម្ម ឬឧបករណ៍ផ្សេងៗ Xinbi Guarantee នឹងកាន់កាប់ប្រាក់បណ្តោះអាសន្នរហូតដល់អ្នកផ្គត់ផ្គង់បំពេញការងាររួចរាល់ ទើបផ្ទេរប្រាក់ឲ្យ ដើម្បីបង្កើតទំនុកចិត្តជាមួយក្រុមឧក្រិដ្ឋជន៕

Khcct banner

អត្ថបទទាក់ទង