Swift cc time

នាវាហ្វឹកហ្វឺនយោធារុស្ស៊ី «Perekop» នឹងចូលចតនៅកំពង់ផែស្វយ័តព្រះសីហនុ ស្អែកនេះ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ នាវាហ្វឹកហ្វឺន «Perekop» របស់កងនាវាចម្បាំងបាល់ទិក នៃកងទ័ពជើងទឹករុស្ស៊ី គ្រោងនឹងចូលចតនៅកំពង់ផែស្វយ័តព្រះសីហនុ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ការចូលចតក្រៅផ្លូវការរយៈពេលពីរថ្ងៃ។

យោងតាមសេចក្តីប្រកាសព័ត៌មាន នាវា «Perekop» នឹងត្រូវបានទទួលស្វាគមន៍ដោយតំណាងកងទ័ពជើងទឹកកម្ពុជា នៅកំពង់ផែ ខណៈលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា នឹងចូលរួមក្នុងពិធីស្វាគមន៍ផងដែរ។

ក្នុងអំឡុងពេលចូលចត បញ្ជាការនាវានឹងធ្វើទស្សនកិច្ចតាមពិធីការទៅកាន់មន្ត្រីស៊ីវិល និងយោធារបស់កម្ពុជា។ ជាមួយគ្នានេះ នាវិក និងសិស្សនាយទាហានរុស្ស៊ី ក៏នឹងមានឱកាសទស្សនាតំបន់មួយចំនួននៅក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ ព្រមទាំងចូលរួមលេងបាល់ទាត់ជាមួយសមភាគីកម្ពុជា។

ក្រៅពីនេះ សមាជិកកងយោធពលខេមរភូមិន្ទ ព្រមទាំងសិស្ស និងគ្រូបង្រៀននៃសាលាស្ថានទូតរុស្ស៊ី នឹងមានឱកាសចូលទស្សនានាវាហ្វឹកហ្វឺន «Perekop» ផងដែរ។ បន្ទាប់ពីពិធីជូនដំណើរ នាវា «Perekop» គ្រោងនឹងចាកចេញពីកំពង់ផែស្វយ័តព្រះសីហនុ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលនាវា «Perekop» មកកាន់ក្រុងព្រះសីហនុ។ នាវាហ្វឹកហ្វឺនរបស់កងទ័ពជើងទឹករុស្ស៊ីនេះ ធ្លាប់បានមកទស្សនកិច្ចនៅក្រុងព្រះសីហនុ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩៕


Khcct banner

អត្ថបទទាក់ទង