ញូវដេលី៖ តម្លៃប្រេងឆៅបន្តកើនឡើងជាថ្មីម្តងទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះដោយប្រេងឆៅប្រភេទ Brent ឡើងដល់ ១០០ដុល្លារក្នុងមួយបារ៉ែល (១៥៩លីត្រ) កើនឡើង ០.១ ភាគរយដល់ ១០១.៣៤ ដុល្លារក្នុងមួយបារ៉ែល ហើយប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាម៉េរិកកើនដល់តម្លៃ ៩៦.៥៥ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ០.៥ ភាគរយ។
បើតាមលោក Daniel Hynes អ្នកវិភាគរបស់ក្រុមហ៊ុនហិរញ្ញវត្ថុ ANZ បានបញ្ជាក់ថាការវាយប្រហារតបតគ្នាទៅវិញទៅមករបស់អាម៉េរិក-អ៊ីរ៉ង់បានប៉ះពាល់ដល់ លំហូរប្រេងពីឈូងសមុទ្រពែរ្ស ហើយនេះនឹងបន្តរំខានដល់តម្លៃប្រេងនាពេលអនាគតបន្ថែមទៀត។
គួររម្លឹកថាអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានវាយប្រហារកប៉ាល់ចំនួន ១០ គ្រឿងនៅជិតច្រកសមុទ្រហ័រមូសបន្ទាប់ពីសហរដ្ឋអាម៉េរិកបានបាញ់ពន្លិចកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ចំនួនប្រាំគ្រឿង អ៊ីរ៉ង់ព្រមានទៀតថាខ្លួននឹងឆ្លើយតបភ្លាមៗទៅវិញចំពោះការវាយប្រហារបន្ថែមទៀតពីអាម៉េរិកលើអ៊ីរ៉ង់៕