ភ្នំពេញ៖ ក្រសួងរៀបចំដែនដី បានចេញសេចក្តីប្រកាសឆ្លើយតបករណីគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា និង គម្រោងជ្រែមួយរយ របស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប។ក្នុងសេចក្តីប្រកាសនោះ ក្រសួងបានពន្យល់លម្អិតពីបញ្ហាគម្រោងដែលជាប់គាំង និងបានហៅការបង្ហោះរបស់ លោក ឡេង ណាវ៉ាត្រា, កញ្ញា តន់ ចន្ទសីម៉ា និងគណនីឈ្មោះ “Leng Nimol ឡេង និមល” គឺជាការបំភាន់ព័ត៌មាន បំភ្លៃការពិត និង បំពុលបរិយាកាសសង្គម ដែលអាចជាចេតនាញុះញង់ បង្កចលាចល។
ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងរៀបចំដែនដី ពន្យល់ថា លោក ឡេង ណាវ៉ាត្រា បានប្រគល់សិទ្ធិជូនក្រសួង ដឹកនាំសម្របសម្រួលការងារសាងសង់ផ្ទះ និង ចាក់បំពេញដី ជូនអតិថិជន និងបានឯកភាពក្នុងការលក់ឡៃឡុងនូវ អចលនទ្រព្យរបស់ក្រុមហ៊ុន និងរបស់លោក ឡេង ណាវ៉ាត្រា ដោយអ្នកឧកញ៉ា បានបញ្ជាក់ថា ក្រុមហ៊ុនពុំមានលទ្ធភាព ក្នុងការសាងសង់បញ្ចប់ជូនអតិថិជន។
ក្រោយឯកភាពគ្នា គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងបានដឹកនាំសម្របសម្រួលការសាងសង់ បញ្ចប់និងបានប្រគល់ផ្ទះជូនអតិថិជន ចំនួន ៥៩៨ផ្ទះ និង បានចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន១០០% ចំនួន ៥ ៩៧០ បណ្ណ និងបានចាក់បំពេញដីបន្ថែមនៅគម្រោង ជ្រៃមួយរយ សម្រេចបានប្រមាណ៦០%។
ដើម្បីការពារ និងតម្កល់ផលប្រយោជន៍របស់អតិថិជនជាអាទិភាព និងភាគីពាក់ព័ន្ធ ក្រសួងបានផ្អាកចរន្តការលើ អចលនទ្រព្យរបស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា , ឈ្មោះ ឡេង ភត្រា និង ភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុន សម្រាប់ធានាដល់ការដោះស្រាយគម្រោងជាប់គាំង និង ការផ្ទេរកម្មសិទ្ធិជួនអតិថិជន។
ចំពោះការបង្ហោះសារតាមបណ្តាញសង្គម ក្រសួងចាត់ទុកថា ជាទង្វើបំពានទាំងផ្នែកផ្លូវច្បាប់ និង សីលធម៌វិជ្ជាជីវៈ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួង ដែលអាចប្រឈមនឹងផ្លូវច្បាប់
តែយ៉ាងណា ក្រសួងរៀបចំដែនដី សង្កត់ធ្ងន់ថាក្នុងស្មារតីរួមគ្នាដោះស្រាយគម្រោង ដើម្បីឧត្តមប្រយោជន៍របស់អតិថិជន ចំនួន ប្រមាណជាង ៣៨ ០០០គ្រួសារ នៅទូទាំងប្រទេស ក្រសួងស្នើអតិថិជនពាក់ព័ន្ធទាំងអស់ បន្តចូលរួមអនុវត្ត ចំណាត់ការនានា ក្រោមយន្តការសម្របសម្រួលរបស់ក្រសួង ប្រកបដោយស្មារតីយោគយល់ អធ្យាស្រ័យគ្នា អនុគ្រោះគ្នា និងការទទួលខុសត្រូវខ្ពស់ ហើយភាគីក្រុមហ៊ុន និងដៃគូពាក់ព័ន្ធ ពិសេស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបន្តចូលរួមឱ្យបានសកម្មក្នុងដំណោះស្រាយតាមយន្តការដែលបានឯកភាពគ្នា ហើយក្រសួងនៅតែបន្តដឹកនាំ សម្របសម្រួលដោះស្រាយវិបត្តិជាប់តាំងនៃគម្រោងទាំងនេះ៕