ម៉ានីល៖ មនុស្សប្រមាណ ៥ នាក់បានស្លាប់ និង ៨៧ នាក់ទៀតកំពុងតែបន្តបាត់ខ្លួននៅមិនទាន់រកឃើញសាកសព បន្ទាប់ពីអគ្គីភ័យបានឆាបឆេះស្រឡាងមួយនៅតំបន់ទេសចរណ៍មួយក្នុងខេត្ត Palawan ប្រទេសហ្វីលីពីន។ឆ្មាំសមុទ្រហ្វីលីពីនអះអាងថា អគ្គីភ័យដែលបានឆាបឆេះនៅលើស្រឡាង M/V June Aster បានផ្ទុះឡើងនៅល្ងាចថ្ងៃពុធ ចម្ងាយប្រហែល ២.២ គីឡូម៉ែត្រពីឆ្នេរសមុទ្រ ដោយមានអ្នកស្លាប់ និងរបួសចំនួន ៥ នាក់ត្រូវបាននាំយកមកច្រាំង។
យោងតាមវីដេអូដែលបានចែករំលែកដោយឆ្មាំសមុទ្រនៅលើហ្វេសប៊ុកបានបង្ហាញថាស្រឡាងនេះត្រូវបានអណ្តាតភ្លើងលេបត្របាក់ទាំងស្រុង។ ប្រធានក្រុមឆ្មាំសមុទ្រលោកស្រី Noemi Cayabyab បានប្រាប់ស្ថានីយ៍វិទ្យុក្នុងស្រុកនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថាដោយផ្អែកលើទិន្នន័យដែលលោកស្រីមាននៅពេលនេះមានមនុស្ស ៤២ នាក់ត្រូវបានជួយសង្រ្គោះរាប់បញ្ចូលទាំងអ្នករបួសរបួស តែនៅតែមានមនុស្ស ៨៧ នាក់ដែលមិនទាន់រកឃើញសាកសព លោកស្រីថាអ្នកដំណើរសរុបមានចំនួន ១៣៤ នាក់។
លោកស្រីបន្ថែមទៀតថា ក្នុងចំណោមអ្នកដែលត្រូវបានជួយសង្គ្រោះមាន ៣៨ នាក់ជាអ្នកដំណើរ និង ៤ នាក់ជានាវិក ដោយនៅពេលនេះនៅមិនទាន់អាចទទួលបានព័ត៌មានពីបុគ្គលដែលត្រូវបានជួយសង្គ្រោះនៅឡើយទេ។ លោកស្រីសង្គត់ធ្ងន់ថាមូលហេតុនៃការឆាបឆេះស្រឡាងមួយនេះកំពុងតែត្រូវបានស៊ើបអង្កេត៕