ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន រម្លឹកអ្នកសារព័ត៌មានឱ្យពង្រឹងក្រមសីលធម៌ និងការប្រតិបត្តិតាមលិខិតបទដ្ឋានគតិយុត្ត ដើម្បីធានាថារាល់ការផ្សព្វផ្សាយមិនរំលោភលើសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រុមជនងាយរងគ្រោះ ជាពិសេសចៀសវាងដាច់ខាតនូវការធ្វើឱ្យពួកគេក្លាយជាជនរងគ្រោះបន្ថែម ឬជនរងគ្រោះទ្វេដង ដោយសារតែការរាយការណ៍ ឬមាតិការបស់ខ្លួន។
ក្នុងកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាស្តីពី «ការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ» នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យខិតខំស្រាវជ្រាវបន្ថែមអំពីច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើនការស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យព័ត៌មាន។
ក្នុងកិច្ចប្រជុំ ដែលមានការចូលរួមពីមន្ត្រីជំនាញក្រសួង និងតំណាងអង្គការដៃគូអភិវឌ្ឍន៍អន្តរជាតិ រួមមាន Plan International, Save the Children, World Vision, UNICEF និង CARE ប្រចាំនៅកម្ពុជា លោកបានគូសបញ្ជាក់ថា ការពង្រឹងចំណេះដឹងផ្នែកច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាកត្តាសារវន្តដើម្បីធានាថា ការផលិត និងផ្សព្វផ្សាយព័ត៌មានមិនបំពានសិទ្ធិអ្នកដទៃ ជាពិសេសកុមារ ស្ត្រី ចាស់ជរា និងជនមានពិការភាព ព្រមទាំងចូលរួមលើកកម្ពស់តម្លៃសារព័ត៌មានឱ្យកាន់តែមានទំនុកចិត្តពីសាធារណជន។
អ្នកនាំពាក្យក្រសួង បានសង្កត់ធ្ងន់បន្ថែមថា ក្នុងនាមជាអ្នកសារព័ត៌មាន និងអ្នករាយការណ៍ព័ត៌មាន គេមិនគួរយកលេសថា ខ្លួនមិនដឹងអំពីច្បាប់ មិនបានដឹងពីក្រមសីលធម៌ ឬខ្វះការយល់ដឹងពីវិជ្ជាជីវៈ ដើម្បីគេចវេសពីការទទួលខុសត្រូវបានឡើយ។
លោកបានមានប្រសាសន៍បន្ថែមថា៖ «ការប្រកាន់ខ្ជាប់នូវការគោរពច្បាប់ សីលធម៌សង្គម និងនិយាមនៃការផ្សាយព័ត៌មាន គឺជាកាតព្វកិច្ចចម្បង ដើម្បីធានាថារាល់ការផ្សព្វផ្សាយមិនរំលោភលើសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រុមជនងាយរងគ្រោះ ជាពិសេសចៀសវាងដាច់ខាតនូវការធ្វើឱ្យពួកគេក្លាយជាជនរងគ្រោះបន្ថែម ឬជនរងគ្រោះទ្វេដង ដោយសារតែការរាយការណ៍ ឬមាតិការបស់ខ្លួន។
សូមបញ្ជាក់ជូនថា ក្រសួងព័ត៌មានបានដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សម្រាប់ជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃក្រមសីលធម៌សារព័ត៌មាន សម្រាប់ឱ្យសមាគម និងអ្នកសារព័ត៌មានយកទៅអនុវត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីពង្រឹងគុណភាព និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈ និងការពារពីការប្រឈមមុខចំពោះមុខច្បាប់ធ្ងន់ធ្ងរ៕