ហូជីមិញ៖ ក្រុងហូជីមិញនឹងដាក់ឱ្យដំណើរការសាកល្បងនូវកម្មវិធី«អប់រំភាសាអង់គ្លេសចម្រុះ»សម្រាប់កុមារមត្តេយ្យសិក្សានៅតាមសាលារដ្ឋដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងរយៈពេល ៣ ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំសិក្សា ២០២៦-២០២៧ ខាងមុខនេះ ខណៈទីក្រុងនេះកំពុងជំរុញគោលដៅធ្វើឱ្យភាសាអង់គ្លេសក្លាយជាភាសាទីពីរនៅក្នុងសាលារៀន។ តាមរយៈការសាកល្បងនេះ ក្រុងហូជីមិញមានគោលដៅឱ្យកុមារមត្តេយ្យសិក្សាទាំងអស់ទទួលបានការស្គាល់ និងចេះភាសាអង់គ្លេសត្រឹមឆ្នាំ ២០៣០ ដែលជាផ្នែកមួយនៃការកែទម្រង់ការអប់រំ និងបង្កើតមូលដ្ឋានគ្រឹះដំបូងសម្រាប់កុមារ។
យោងតាមការចេញផ្សាយរបស់កាសែតTuoi Tre News កម្មវិធីសាកល្បងនេះនឹងត្រូវផ្តល់ជូនដោយស្ម័គ្រចិត្ត ដែលតម្រូវឱ្យមានការយល់ព្រមពីមាតាបិតា ឬអ្នកអាណាព្យាបាល មុនពេលកុមារអាចចូលរួមបាន។ គណៈកម្មាធិការប្រជាជនក្រុងហូជីមិញបានសង្កត់ធ្ងន់ថា កម្មវិធីនេះត្រូវតែមានតម្លាភាព មិនស្វែងរកប្រាក់ចំណេញ និងមិនប្រើប្រាស់ថវិការដ្ឋសម្រាប់ទូទាត់សេវាឡើយ។ សាលារៀនដែលចូលរួមត្រូវផ្តល់ព័ត៌មានច្បាស់លាស់ដល់ឪពុកម្តាយអំពីខ្លឹមសារ រយៈពេល ទម្រង់បែបបទ និងកម្រៃសេវា ព្រមទាំងធានាថាមិនប៉ះពាល់ដល់កម្មវិធីសិក្សាទៀងទាត់ ឬសិទ្ធិរបស់កុមារដែលមិនបានចូលរួមនោះទេ។
នាយកដ្ឋានអប់រំ និងបណ្តុះបណ្តាលក្រុងហូជីមិញ នឹងត្រួតពិនិត្យការអនុវត្ត រួមទាំងការជ្រើសរើសកម្មវិធីសិក្សា ឯកសារបង្រៀន និងអង្គភាពដៃគូ ដោយសហការជាមួយមន្ទីរហិរញ្ញវត្ថុដើម្បីកំណត់កម្រៃសេវាឱ្យបានច្បាស់លាស់មុនពេលចាប់ផ្តើម។
គួរបញ្ជាក់ថា យោងតាមសន្ទស្សន៍ជំនាញភាសាអង់គ្លេសអន្តរជាតិ EF English Proficiency Index ឆ្នាំ២០២៥ វៀតណាមទទួលបានពិន្ទុ ៥០០ ជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានកម្រិតសមត្ថភាពភាសាអង់គ្លេសនៅ កម្រិតមធ្យម (Moderate proficiency) ដែលស្ថិតក្នុងចំណោមប្រទេសដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ផ្នែកការប្រើប្រាស់ភាសាទីពីរនេះក្នុងតំបន់អាស៊ី។ ការដាក់ឱ្យមានកម្មវិធីបង្រៀនភាសាអង់គ្លេសចាប់ពីថ្នាក់មត្តេយ្យសិក្សានេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែងរបស់រដ្ឋាភិបាលវៀតណាម ក្នុងការបំប្លែងគុណភាពអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងលើឆាកអន្តរជាតិ៕