Swift cc time

ធ្លាក់ឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿងនៅម៉ាឡេស៊ី សម្លាប់មនុស្ស ៥ នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ម៉ាឡេស៊ី៖ មនុស្ស ៥ នាក់បានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្ររបស់សេវាកម្មវេជ្ជសាស្ត្រហោះហើរ (Flying Doctor Service) ក្បែរព្រលានយន្តហោះខ្នាតតូច Long Lellang ក្នុងស្រុក Marudi រដ្ឋ Sarawak ភាគខាងជើងប្រទេសម៉ាឡេស៊ី។ ជនរងគ្រោះទាំងនោះរួមមានអ្នកបើកយន្តហោះ(ភីឡុត) មន្ត្រីវេជ្ជសាស្ត្រ មន្ត្រីជំនួយការវេជ្ជសាស្ត្រ និងគិលានុបដ្ឋាយិកាពីររូប ដែលឧទ្ធម្ភាគចក្រនេះបានហោះចេញពីទីក្រុង Miri ដើម្បីបំពេញបេសកកម្មសុខាភិបាលក្នុងតំបន់ដាច់ស្រយាល។

យោងតាមការចេញផ្សាយរបស់កាសែតThe Star អាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី (CAAM) បានបញ្ជាក់ពីឧបទ្ទវហេតុនេះថា ឧទ្ធម្ភាគចក្រម៉ូឌែល BO-105 ពាក់ស្លាកលេខ 9M-LLF បានធ្លាក់នៅជិតចុងផ្លូវរត់នៃព្រលានយន្តហោះខ្នាតតូចនោះ។មានវីដេអូមួយបង្ហាញថា ឧទ្ធម្ភាគចក្រនេះបានឆេះម៉ាស៊ីនមុនពេលធ្លាក់ចុះ។ ជាការឆ្លើយតប ការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវអាកាសក្រោមក្រសួងដឹកជញ្ជូន បានប្រកាសថានឹងបើកការស៊ើបអង្កេតលើហេតុការណ៍នេះ។

ស្នងការនគរបាលរដ្ឋ Sarawak លោក Datuk Mohamad Zainal Abdullah បានឱ្យដឹងថា ប្រតិបត្តិការរុករកនិងសង្គ្រោះពឹងផ្អែកលើកម្លាំងពលរដ្ឋ បុគ្គលិក និងប៉ូលិសជំនួយ ដោយសារតែឧទ្ធម្ភាគចក្រមិនអាចហោះហើរបានដោយសារស្ថានភាពអ័ព្ទខ្លាំង។ គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលជួលដោយឯកជននេះ កំពុងបំពេញភារកិច្ចបម្រើសេវាវេជ្ជសាស្ត្រហោះហើរទៅកាន់តំបន់ Ba Lai, Long Siut និង Long Lellang មុនពេលជួបគ្រោះថ្នាក់ដ៏រន្ធត់នេះ៕

Khcct banner

អត្ថបទទាក់ទង