បាងកក៖ គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងកិច្ចព្រមព្រៀងជាមួយប្រទេសស្រីលង្កា ដើម្បីនាំយកពលករស្រីលង្កាមកបម្រើការងារដោយស្របច្បាប់ ក្នុងគោលបំណងដោះស្រាយបញ្ហាខ្វះខាតកម្លាំងពលកម្មក្នុងវិស័យសេដ្ឋកិច្ច និងឧស្សាហកម្ម។ ការសម្រេចចិត្តនេះធ្វើឡើងជាបន្តបន្ទាប់ បន្ទាប់ពីការវិលត្រឡប់របស់ពលករកម្ពុជា ក្នុងបរិបទនៃភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃ។
យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើការងារសំខាន់ៗដូចជា ការជ្រើសរើសពលករ ការពិនិត្យសុខភាព និងប្រវត្តិបទល្មើស ការរៀបចំកិច្ចសន្យាការងារមុនចេញដំណើរ ទិដ្ឋាការ និងប័ណ្ណការងារ ការធានារ៉ាប់រងសុខភាព ការណែនាំតម្រង់ទិស និងការបញ្ជូនត្រឡប់ស្រុកកំណើតវិញ។ ពលករដែលត្រូវមកបម្រើការងារនឹងទទួលបានកិច្ចសន្យាដំបូងរយៈពេល ២ ឆ្នាំ ដែលអាចបន្តបាន ២ ឆ្នាំទៀត ហើយត្រូវបានធានានូវការអនុវត្តដោយយុត្តិធម៌ និងសិទ្ធិស្របច្បាប់ក្រោមច្បាប់ថៃ។
កិច្ចព្រមព្រៀងនេះមានសុពលភាពរយៈពេល ៥ ឆ្នាំ និងត្រូវបន្តដោយស្វ័យប្រវត្តិសម្រាប់រយៈពេល ៥ ឆ្នាំបន្តទៀត។ ក្រៅពីនេះ ភាគីទាំងពីរនឹងធ្វើការផ្លាស់ប្តូរព័ត៌មានទីផ្សារការងារ អភិវឌ្ឍជំនាញពលករ និងសហការគ្នាទប់ស្កាត់ការឈានចូលការងារខុសច្បាប់ និងការជួញដូរមនុស្ស ព្រមទាំងការពារពលករពីកម្រិតសេវាជ្រើសរើសបុគ្គលិកដ៏ច្រើនហួសហេតុ និងការកេងប្រវ័ញ្ច៕