ប៉ៃលិន៖ លោក កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន និង មន្ត្រីពន្ធនាគារខេត្ត ចំនួន ៣រូបទៀត ត្រូវបានផ្អាកពីតួនាទី បន្ទាប់ពីបែកធ្លាយវីដេអូ អំពីការធ្វើទារុណកម្មទៅលើអ្នកជាប់ឃុំ ក្នុងពន្ធនាគារខេត្ត។នេះបើតាមលោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ប្រាប់ សុីសុីថាមស៍ថា។
លោក ឃៀង សុណាឌីន បានថ្លែងថា បច្ចុប្បន្នសំណុំរឿងខាងលើនេះ តុលាការខេត្តប៉ៃលិន កំពុងដំណើរការនីតិវិធី ដោយតុលាការខេត្តបានវិភាគឃើញថា ជាអំពើល្មើសច្បាប់ពាក់ព័ន្ធករណីហិង្សានៅក្នុងពន្ធនាគារ ដែលបង្កឡើងរវាងជនជាប់ឃុំ និងជនជាប់ឃុំនៅក្នុងបន្ទប់ជាមួយគ្នា។ លោកបន្ថែមថា ចំពោះកិច្ចការងារនេះ ក្រសួងមហាផ្ទៃកំ ពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវបន្ថែម ពាក់ព័ន្ធនឹងការងារដឹកនាំ និងគ្រប់គ្រងថ្នាក់ដឹកនាំមន្ត្រីដែលទទួលបន្ទុកនៅក្នុងពន្ធនាគារខេត្តប៉ៃលិន។
បើតាមលោក ឃៀង សុណាឌីន គិតមកដល់ពេលនេះ ប្រធានពន្ធនាគារខេត្តប៉ៃលិន និងមន្ត្រី ៣រូបទៀត ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន ដោយតម្រូវឱ្យមកបំពេញការងារ នៅអគ្គនាយដ្ឋានពន្ធនាគារវិញ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសតែងតាំងប្រធាពន្ធនាគារស្ដីទី ដែលត្រូវជ្រើសយកពីអនុប្រធាននៅមណ្ឌលកែប្រែទី៤ ទៅធ្វើជាប្រធានស្ដីទីនៅពន្ធនាគារខេត្តប៉ៃលិន ក្នុងអំឡុងពេលដែលប្រធានពន្ធនាគារខេត្តប៉ៃលិនត្រូវបានផ្អាកការងារ និងស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេតស្រាវជ្រាវ ពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចការរបស់ខ្លួន ដែលបានប្រើអំពើហិង្សានៅក្នុងពន្ធនាគារ។
លោក ឃៀង សុណាឌីន ក៏បានបញ្ជាក់ថា វីដេអូដែលបានចេញផ្សាយពាក់ព័ន្ធនឹងពន្ធនាគារខេត្តប៉ៃលិនកន្លងមក មិនមែនជាវីដេអូបច្ចុប្បន្ននោះទេ គឺជាសកម្មភាពវីដេអូដែលបានកើតឡើងនៅក្នុងអំឡុងដើមខែមករា ឆ្នាំ២០២៥ និងវីដេអូមួយទៀត គឺកើតឡើងនៅក្នុងអំឡុង ខែឧសភា ឆ្នាំ២០២៦៕