Swift cc time

តម្លៃស្រូវវៀតណាមធ្លាក់ចុះដល់កម្រិតទាប ០.២៤សេន/គីឡូក្រាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ តម្លៃស្រូវនៅតំបន់ដីសណ្តទន្លេមេគង្គក្នុងប្រទេសវៀតណាមបានធ្លាក់ចុះដល់ទៅ ១៧% ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ដែលធ្វើឱ្យកសិករក្នុងស្រុកប្រឈមនឹងហានិភ័យនៃការខាតបង់ផ្នែកហិរញ្ញវត្ថុ។ លោក ង្វៀន ថាញ់ ឡុក មកពីខេត្តអានយ៉ាង ថ្មីៗនេះបានប្រមូលផលស្រូវចំនួនបីហិកតារបស់លោក ដែលបន្ទាប់មកលោកថាលក់បានក្នុងតម្លៃត្រឹមតែ ៦.២០០ ដុង (០,២៤ ដុល្លារអាម៉េរិក) ក្នុងមួយគីឡូក្រាម។ លោកថាបញ្ហាធ្លាក់ថ្លៃខ្លាំងនេះដោយសារជីមានតម្លៃថ្លៃជាងការប្រមូលផលពីមុន ១០-១៥% ការធ្លាក់ចុះនៃតម្លៃស្រូវបានធ្វើឱ្យលោកខាតបង់រាប់សិបលានដុង (១០ លានដុង = ៣៨០ ដុល្លារអាម៉េរិក)ក្នុងមួយតោន។

ចំណែកកសិករវៀតណាមម្នាក់ទៀត លោក ឡេ ហ័ងណាំ ដែលមានដីមួយហិកតានៅខេត្តដុងថាប បាននិយាយថា ពាណិជ្ជករម្នាក់បានផ្តល់ជូនលោក ៦.៨០០ ដុងក្នុងមួយគីឡូក្រាមសម្រាប់ស្រូវរបស់លោកកាលពីមួយសប្តាហ៍មុន ប៉ុន្តែឥឡូវនេះឈ្មួញបញ្ជាទិញក្នុងតម្លៃត្រឹមតែ ៦.៣០០ ដុងប៉ុណ្ណោះ។លោកថា តម្លៃមុនអាចរកប្រាក់ចំណេញបានពី ២ ទៅ ៣ លានដុង ប៉ុន្តែតម្លៃបច្ចុប្បន្នស្ទើរតែមិនគ្រប់គ្រាន់សម្រាប់ជី និងថ្នាំសម្លាប់សត្វល្អិតទេ នេះមិនទាន់រាប់បញ្ចូលកម្លាំងពលកម្មផង។

មន្ទីរកសិកម្ម និងបរិស្ថានខេត្តអានយ៉ាង បាននិយាយថា ដំណាំស្រូវជាង ៣០០,០០០ ហិកតា ឬ ៦០% នៃផ្ទៃដីដាំដុះរបស់ខេត្ត ត្រូវបានប្រមូលផលរហូតមកដល់ពេលនេះ។ទន្ទឹមនឹងនេះ ខេត្តដុងថាប បានប្រមូលផលបាន ១៥០,០០០ ហិកតា ឬ ៧៥%។

លោក Nguyen Vinh Trong នាយកក្រុមហ៊ុនកែច្នៃអង្ករ Viet Hung បានសន្មតថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃគឺដោយសារតែតម្រូវការខ្សោយនៅក្នុងទីផ្សារនាំចេញសំខាន់ៗដូចជា ហ្វីលីពីន ចិន និងប្រទេសអាហ្វ្រិកមួយចំនួន។លោកបានបន្ថែមថា ដែនកំណត់ឥណទានកាន់តែតឹងរ៉ឹងរបស់ធនាគារក៏បានធ្វើឱ្យអាជីវកម្មពិបាកទទួលបានដើមទុនសម្រាប់ការទិញអង្ករផងដែរ។

ផ្អែកតាមទិន្នន័យពីក្រសួងកសិកម្ម និងបរិស្ថានវៀតណាមបង្ហាញថា ការនាំចេញអង្កររបស់ប្រទេសវៀតណាមមានចំនួន ៦.០៣ លានតោន ដែលមានតម្លៃជិត ២.៩១ ពាន់លានដុល្លារអាម៉េរិក ចាប់ពីដើមឆ្នាំដល់ខែសីហា ធ្លាក់ចុះ ៥% នៃបរិមាណ និង ១០% នៃតម្លៃធៀបនឹងឆ្នាំមុន។ តម្លៃនាំចេញជាមធ្យមគឺ ៤៨១.៥ ដុល្លារក្នុងមួយតោន ធ្លាក់ចុះ ៥.៩%៕

Khcct banner

អត្ថបទទាក់ទង