សិង្ហបុរី៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានប្រកាសនៅក្នុងសភាថា ប្រាក់បៀវត្សរ៍របស់អ្នកកាន់តំណែងនយោបាយនៅប្រទេសសិង្ហបុរីនឹងត្រូវដំឡើងរហូតដល់ ៩ ភាគរយ ដែលធ្វើឱ្យរដ្ឋមន្ត្រីក្នុងកម្រិតទាបបំផុត (MR4) ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រហែល ១,២ លានដុល្លារសិង្ហបុរី (ស្មើនឹងប្រមាណ ៩៥ ម៉ឺនដុល្លារអាម៉េរិក ឬប្រហែល ៨ ម៉ឺនដុល្លារអាម៉េរិកក្នុងមួយខែ)។ ការកែសម្រួលនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១៥ ខែតុលា ខាងមុខនេះតទៅ។
យោងតាមការចេញផ្សាយរបស់កាសែតCNA ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលសិង្ហបុរីបានទទួលយកអនុសាសន៍ពីគណៈកម្មាធិការពិនិត្យឯករាជ្យមួយ ដែលបានស្នើឱ្យដំឡើងប្រាក់បៀវត្សរ៍ស្តង់ដារសម្រាប់រដ្ឋមន្ត្រីកម្រិត MR4 ពី ១,១ លានដុល្លារសិង្ហបុរី ឡើងដល់ ១,៨ លានដុល្លារសិង្ហបុរី(ប្រមាណ៨៧ម៉ឺនដុល្លារអាម៉េរិក ដល់ជាង ១,៤ លានដុល្លារអាម៉េរិក)។ នេះមានន័យថាមន្រ្តីអាចទទួលបានប្រាប់បៀវត្សរ៍ពីប្រមាណប្រាំបីម៉ឺនដុល្លារដល់ជិត១២ម៉ឺនដុល្លារក្នុងមួយខែ។
លោក Lawrence បានបញ្ជាក់ថា រដ្ឋាភិបាលមិនទាន់បោះជំហានទៅដល់កម្រិតស្តង់ដារថ្មីនោះភ្លាមៗទេ ដោយគ្រាន់តែធ្វើការកែសម្រួលលើកដំបូងរហូតដល់ ៩ ភាគរយប៉ុណ្ណោះ អាស្រ័យលើបុគ្គលម្នាក់ៗ និងការអនុវត្តការងារ។
ក្រៅពីការដំឡើងប្រាក់ខែ លោក Lawrence បានពន្យល់ពីការពង្រឹងរចនាសម្ព័ន្ធបៀវត្សរ៍ និងការសម្រួលថ្នាក់រដ្ឋមន្ត្រីពី ៤ កម្រិត ឱ្យនៅសល់ត្រឹម ៣ កម្រិត ដោយបញ្ចូលកម្រិត MR2 និង MR3 ចូលគ្នា រួមទាំងការពង្រីកវិសាលភាពប្រាក់ខែក្នុងកម្រិតនីមួយៗ។ លោកគូសបញ្ជាក់ថា គោលបំណងនៃការកែទម្រង់នេះ គឺដើម្បីឱ្យនាយករដ្ឋមន្ត្រីមានលទ្ធភាពកាន់តែប្រសើរក្នុងការបែងចែកប្រាក់បៀវត្សរ៍ផ្អែកលើសមិទ្ធផលការងារ និងការទាក់ទាញអ្នកជំនាញខ្លាំងៗពីវិស័យឯកជនឱ្យចូលរួមបម្រើការងាររដ្ឋ។
ចំពោះតំណែងនាយករដ្ឋមន្ត្រីវិញ លោក Lawrence Wong បានសម្រេចចិត្តបរិច្ចាគប្រាក់ខែដែលបានកើនឡើងទាំងអស់សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខនេះ ទៅឱ្យមូលនិធិសប្បុរសធម៌ ដោយលោកចាត់ទុកថាការសម្រេចចិត្តនេះជាការទទួលខុសត្រូវផ្ទាល់ខ្លួនក្នុងនាមជាអ្នកដឹកនាំប្រទេស៕