ចិន៖ អតីតអនុប្រធានគណៈកម្មាធិការនិយតកម្មមូលបត្រចិន (CSRC) លោក វ៉ាង ជាំងជុន (Wang Jianjun) ត្រូវបានតុលាការកាត់ទោសឱ្យដាក់ពន្ធនាគារអស់មួយជីវិត កាលពីថ្ងៃចន្ទ ក្រោមបទចោទប្រកាន់ពីបទស៊ីសំណូកទឹកប្រាក់ចំនួន ៩៣,៤លានយ័ន (ស្មើនឹងប្រមាណ ១៣,៧៨លានដុល្លារអាម៉េរិក)។
យោងតាមសេចក្តីសម្រេចរបស់តុលាការកម្រិតមធ្យមនៃទីក្រុងវៃហ្វាង (Weifang) ខេត្តសានដុង (Shandong) លោក វ៉ាង ក៏ត្រូវបានដកហូតសិទ្ធិជាពលរដ្ឋអស់មួយជីវិត និងត្រូវរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់ផងដែរ។ ការស៊ើបអង្កេតបានរកឃើញថា ក្នុងចន្លោះឆ្នាំ២០០៥ ដល់ឆ្នាំ២០១៩ លោកបានរំលោភអំណាច និងមុខតំណែងដើម្បីផ្តល់ផលប្រយោជន៍ដល់អង្គការ និងបុគ្គលផ្សេងៗ ដូចជាការជួយឱ្យក្រុមហ៊ុនឡើងចុះបញ្ជីក្នុងផ្សារហ៊ុន ការផ្តល់ហិរញ្ញប្បទាន និងការទទួលបានកិច្ចសន្យាអាជីវកម្មជាដើម ជាថ្នូរនឹងការទទួលប្រាក់ និងទ្រព្យសម្បត្តិខុសច្បាប់។
តុលាការចិនបានបញ្ជាក់ថា ទំហំនៃការស៊ីសំណូករបស់លោក វ៉ាង មានទឹកប្រាក់ច្រើនលើសលុប និងបានបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍រដ្ឋ និងប្រជាជន។ ទោះបីជាយ៉ាងណាក៏ដោយ លោកវ៉ាងទទួលបានការបន្ធូរបន្ថយទោសខ្លះ ដោយសារបានសារភាពកំហុសដោយស្មោះត្រង់ ព្រមទាំងបានទម្លាយការពិតអំពីបទល្មើសផ្សេងទៀតដែលអ្នកស៊ើបអង្កេតមិនទាន់ដឹង និងបានសហការក្នុងការប្រមូលយកទ្រព្យសម្បត្តិខុសច្បាប់មួយចំនួនមកវិញ។
ព្រឹត្តិការណ៍នេះកើតឡើងស្របពេលដែលគណៈកម្មាធិការអធិការកិច្ចវិន័យមជ្ឈិមនៃបក្សកុម្មុយនិស្តចិន (CCDI) បានដាក់ចេញនូវរបាយការណ៍ប្រចាំឆ្នាំ២០២៦ ដោយប្តេជ្ញាបន្តបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាបន្ថែមទៀត ក្នុងការបង្ក្រាបអំពើពុករលួយក្នុងវិស័យសំខាន់ៗ ជាពិសេសវិស័យហិរញ្ញវត្ថុ គ្រឹះស្ថានរដ្ឋ ថាមពល អប់រំ និងវិស័យសំខាន់ៗដទៃទៀត៕