Swift cc time

ខេត្តក្រចេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍»នឹងក្លាយជាខេត្តគំរូដែលមានភាពទាក់ទាញ នៅក្នុងតំបន់ភូមិភាគឦសាន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ក្រចេះ៖ ខេត្តក្រចេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍»នឹងក្លាយទៅជាខេត្តគោលដៅឋានសួគ៌នៃទេសចរណ៍ធម្មជាតិ វប្បធម៌ ព្រមទាំងជាខេត្តគំរូមានភាពទាក់ទាញជាងគេ នៅក្នុងតំបន់ភូមិភាគឦសាន។ ការប្រកាសដូច្នេះ បន្ទាប់ពីលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយលោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ នៅថ្ងៃទី៧ ខែកញ្ញា បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តក្រចេះ ឆ្នាំ២០២៦-២០៣០ និង ពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមបញ្ចប់វគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា ហូកា»។

លោក ហួត ហាក់ បានបញ្ជាក់ជូនថា ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តក្រចេះ ឆ្នាំ២០២៦-២០៣០ នេះ គឺជាផែនទីបង្ហាញផ្លូវរួម និងជាក្របខ័ណ្ឌសកម្មភាពអនុវត្តជាក់ស្តែង សម្រាប់កៀរគរគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍នៅខេត្តក្រចេះ កាន់តែមានគុណភាព និងបង្កើនភាពទាក់ទាញ ដើម្បីឈានទៅសម្រេចតាមចក្ខុវិស័យ ក្នុងរយៈពេល៥ឆ្នាំទៀត ខេត្តក្រចេះ នឹងក្លាយទៅជាខេត្តគោលដៅឋានសួគ៌នៃទេសចរណ៍ធម្មជាតិ វប្បធម៌ ព្រមទាំងជាខេត្តគំរូមានភាពទាក់ទាញជាងគេ នៅក្នុងតំបន់ភូមិភាគឦសាន។

លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមថា ក្នុងបរិបទដែលការប្រកួតប្រជែងទេសចរណ៍នៅក្នុងតំបន់កាន់តែខ្លាំង និងអាកប្បកិរិយាភ្ញៀវទេសចរកាន់តែផ្លាស់ប្តូរ បន្ថែមលើសក្តានុពលដែលមានស្រាប់ យើងត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ កែលម្អ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បង្កើនភាពទាក់ទាញ ក៏ដូចជាពង្រឹងសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរ ដើម្បីធានាថាខេត្តក្រចេះ អាចឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរជំនាន់ថ្មី និងដើរទាន់យុគសម័យនៃការប្រកួតប្រជែងជាមួយគោលដៅទេសចរណ៍សំខាន់ៗក្នុងតំបន់ និងសកលលោកបាន៕


Khcct banner

អត្ថបទទាក់ទង