ហ្វីលីពីន៖ តុលាការប្រឆាំងអំពើពុករលួយរបស់ប្រទេសហ្វីលីពីន បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនអតីតប្រធានរដ្ឋសភា លោក ម៉ាទីន រ៉ូម៉ាល់ដេស (Martin Romualdez) ដែលត្រូវជាបងប្អូនជីដូនមួយរបស់ប្រធានាធិបតី Ferdinand Marcos Jr. ក្រោមការចោទប្រកាន់ពីបទកេងបន្លំទ្រព្យសម្បត្តិរដ្ឋរាប់លានដុល្លារ ពាក់ព័ន្ធនឹងរឿងអាស្រូវស៊ីសំណូកពីគម្រោងការពារទឹកជំនន់។ ការប្តេជ្ញាចិត្តរបស់ប្រធានាធិបតី Marcos ក្នុងការមិនការពារបក្សពួក ឬក្រុមគ្រួសារក្រោមយុទ្ធនាការបោសសម្អាតអំពើពុករលួយ បានបើកផ្លូវឱ្យការស៊ើបអង្កេតនេះប្រព្រឹត្តទៅយ៉ាងតឹងរឹង បើទោះបីជាជនសង្ស័យជាបុគ្គលមានឥទ្ធិពលនយោបាយខ្លាំង។តាមប្រភពព័ត៌មានហ្វីលីពីន លោក ម៉ាទីនត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទម្សិលមិញ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ការិយាល័យ Ombudsman បានរកឃើញថា លោក រ៉ូម៉ាល់ដេស បានប្រមូលទឹកប្រាក់ខុសច្បាប់ប្រមាណ ៧,៤ពាន់លានប៉េសូ (ស្មើនឹងប្រមាណ ១១៨លានដុល្លារអាម៉េរិក) ពីគម្រោងទប់ស្កាត់ទឹកជំនន់នានាក្នុងចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៥។ ជាការឆ្លើយតប មេធាវីរបស់លោកបានបញ្ជាក់ថា កូនក្តីនឹងចូលខ្លួនប្រឈមមុខតាមផ្លូវច្បាប់ និងមិនស្នើសុំការអនុគ្រោះពិសេសណាមួយឡើយ ដោយទាមទារត្រឹមតែសិទ្ធិទទួលបានភាពយុត្តិធម៌ និងដំណើរការនីតិវិធីត្រឹមត្រូវតាមច្បាប់ប៉ុណ្ណោះ។
រឿងអាស្រូវពុករលួយលើថវិកាជាតិទាក់ទងនឹងគម្រោងការពារទឹកជំនន់នេះ បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់សាធារណជន ខណៈដែលប្រទេសហ្វីលីពីនកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀងរដូវមូសុង។ អ្នកវិភាគនយោបាយបានមើលឃើញថា ការចាត់វិធានការផ្លូវច្បាប់យ៉ាងដាច់ការលើអតីតប្រធានរដ្ឋសជារូបនេះ គឺជាជំហានដ៏ត្រឹមត្រូវមួយក្នុងការស្តារទំនុកចិត្តសាធារណជន និងលុបបំបាត់ការយល់ឃើញថា រដ្ឋាភិបាលមានការរើសអើង ឬបន្ធូរដៃចំពោះបក្ខពួកខ្លួនឯង៕