វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោកដូណាល់ត្រាំ បានព្រមានក្រុមហ៊ុនយន្តហោះកាណាដា Bombardier ថាខ្លួនមិនអាចលក់យន្តហោះនៅសហរដ្ឋអាម៉េរិកទៀតទេ លុះត្រាតែក្រុមហ៊ុននេះផ្លាស់ប្តូរការផលិតរបស់ខ្លួន និងធ្វើតាមលក្ខខណ្ឌរបស់លោក។ លោក ត្រាំ បានបញ្ជាក់តាមបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទថា លែងមានការលក់យន្តហោះ BOMBARDIER នៅសហរដ្ឋអាម៉េរិកដែលផលិតពីក្រុមហ៊ុនកាណាដាទៀតហើយ ហើយប្រសិនបើពួកគេចង់បានទីផ្សាររបស់យើង ពួកគេត្រូវតែសាងសង់នៅទីនេះ ហើយឈប់ចាត់ទុកអាម៉េរិកជាធនាគារជ្រូករបស់ខ្លួន។
បើតាមលោកដូណាល់ត្រាំមានជាង ៥០% នៃប្រាក់ចំណូលរបស់ពួកគេបានមកពីសហរដ្ឋអាម៉េរិក ពួកគេរស់នៅដោយអ្នកទិញអាម៉េរិក ក្រុមហ៊ុនអាម៉េរិក អាកាសយានដ្ឋានអាម៉េរិក និងសេវាកម្មអាម៉េរិក ហើយប្រទេសកាណាដាបានរារាំងធនាគារ និងក្រុមហ៊ុនអាម៉េរិកជាច្រើននៅទូទាំងសហរដ្ឋអាម៉េរិក។ លោកបន្តថាប្រទេសកាណាដាក៏បានរារាំងក្រុមហ៊ុន Gulfstream Aerospace អាម៉េរិកពីការធ្វើអាជីវកម្មនៅក្នុងប្រទេសកាណាដា លោកចាត់ទុកចំណាត់ការរបស់កាណាដានេះជារឿងអយុត្តិធម៌។
គួររម្លឹកថាក្រុមហ៊ុនផលិតយន្តហោះដ៏ធំដែលមានមូលដ្ឋាននៅទីក្រុងម៉ុងរ៉េអាល់នេះ បានដំណើរការរោងចក្រមួយរួចហើយនៅក្នុងរដ្ឋ Kansas សហរដ្ឋអាម៉េរិក ដែលផលិតយន្តហោះយោធាបេសកកម្មពិសេស និងមានបុគ្គលិកអាម៉េរិកចំនួន ៣,៥០០ នាក់។ ក្រុមហ៊ុននេះក៏ដំណើរការទីតាំងនានានៅរដ្ឋតិចសាស់ អារីហ្សូណា ផ្លរីដា ខូណិតធីក អ៊ីលីណយ ដេឡាវ៉ារ កាលីហ្វ័រញ៉ា ឌីស៊ី និងញូវជើស៊ី។
ជាការឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ក្រុមហ៊ុន Bombardier មិនបានដោះស្រាយការគំរាមកំហែងរបស់លោក ត្រាំ ដោយផ្ទាល់ទេ ប៉ុន្តែក្រុមហ៊ុនមួយនេះបញ្ជាក់ថាប្រតិបត្តិការរបស់ខ្លួនបង្កើតការងាររាប់ម៉ឺនកន្លែងនៅសហរដ្ឋអាម៉េរិកតាមរយៈវត្តមានរបស់ក្រុមហ៊ុនខ្លួនដែលកំពុងតែមាននៅអាម៉េរិកដែលកំពុងកើនឡើង។
យោងតាមរបាយការណ៍មួយដែលរៀបចំឡើងដោយក្រុមហ៊ុន Bombardier ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំជាងគេរបស់ប្រទេសកាណាដា ដោយបានរួមចំណែកចំនួន ៧.៤ ពាន់លានដុល្លារកាណាដា (៥.៤ ពាន់លានដុល្លារ) ដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសក្នុងឆ្នាំ ២០២៤៕