Swift cc time

អ្នកជំនាញ៖ វៀតណាមកំពុងដើរតួជួយមីយ៉ាន់ម៉ាចូលគ្រួសារអាស៊ាន ដោយមិនប៉ះពាល់មុខមាត់ខ្លួនឡើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
ប្រធានរដ្ឋវៀតណាម លោក តូ ឡាំ (ស្ដាំ) និងលោក ម៊ីន អ៊ុងឡាំង

វៀតណាម៖ អត្ថបទអត្ថាធិប្បាយរបស់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងការពារជាតិអាស៊ីអាគ្នេយ៍ លោក អេនហ្សូ ស៊ីម (Enzo Sim) បានបង្ហាញថា ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី៤-៦ ខែកញ្ញា គឺជាជំហានដ៏សំខាន់មួយក្នុងការបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី ព្រមទាំងបានសបញ្ជាក់ពីតួនាទីជាក់ស្តែង និងស្ថាបនាដ៏សំខាន់របស់វៀតណាម ក្នុងការថែរក្សាឯកភាព និងកិត្យានុភាពរបស់អាស៊ាន ដោយមិនចាំបាច់លូកដៃជ្រៅក្នុងជម្លោះនយោបាយផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាឡើយ។

លោក អេនហ្សូ

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក អេនហ្សូ បានគូសបញ្ជាក់ ការទទួលបដិសណ្ឋារកិច្ចថ្នាក់រដ្ឋពីសំណាក់ប្រធានរដ្ឋវៀតណាម លោក តូ ឡាំ បានបញ្ជូនសារការទូតសំខាន់ថា រដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ាកំពុងត្រូវបានប្រទេសជិតខាងទទួលស្គាល់បន្តិចម្តងៗថាជារដ្ឋាភិបាលដំណើរការ ដែលជួយបង្កើតឱកាសក្នុងការស្តារទំនាក់ទំនងរដ្ឋនិងរដ្ឋឱ្យមានភាពរឹងមាំ និងស្ថិរភាពឡើងវិញ។

នាយករដ្ឋមន្រ្តីវៀតណាម លោក ឡេ មិញហុង (ស្ដាំ) និងលោក ម៊ីន អ៊ុងឡាំង

លោកអេនហ្សូ បានកត់សម្គាល់ថា សេដ្ឋកិច្ចគឺជាវិស័យដ៏មានសក្តានុពលខ្លាំងបំផុតសម្រាប់ប្រទេសទាំងពីរ។ ទំហំពាណិជ្ជកម្មរវាងវៀតណាម និងមីយ៉ាន់ម៉ា បានផ្តើមងើបឡើងវិញយ៉ាងខ្លាំងក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយឈានដល់ប្រហែល ៣៣៥លានដុល្លារអាមេរិក ក្រោយពីធ្លាក់ចុះក្នុងអំឡុងពេលជំងឺកូវីដ-១៩ និងវិបត្តិអសន្តិសុខនយោបាយ។ តាមរយៈគណៈប្រតិភូជាន់ខ្ពស់មីយ៉ាន់ម៉ា រួមទាំងរដ្ឋមន្ត្រីពាក់ព័ន្ធ ភាគីមីយ៉ាន់ម៉ាកំពុងស្វែងរកទុនវិនិយោគ បច្ចេកវិទ្យាថ្មីៗ និងការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់។ ជាក់ស្តែង ការចុះទស្សនកិច្ចផ្ទាល់ពីសំណាក់មេដឹកនាំមីយ៉ាន់ម៉ានៅក្រុមហ៊ុនទូរគមនាគមន៍ Viettel និងរោងចក្ររថយន្តអគ្គិសនី VinFast គឺបង្ហាញយ៉ាងច្បាស់ថា ពួកគេកំពុងចាប់អារម្មណ៍ខ្លាំងលើវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍របស់វៀតណាម។

ប្រធានរដ្ឋសភាវៀតណាម លោក ត្រាន់ ថាញ់ម៉ាន់(ស្ដាំ) និងលោក មីន អ៊ុងឡាំង

លោកបន្ថែមថា ក្រៅពីវិស័យសេដ្ឋកិច្ច វៀតណាមក៏បានប្រើប្រាស់យុទ្ធសាស្ត្រការទូត «ផ្លូវពីរ» (two-track) ដោយផ្តោតលើកិច្ចសហប្រតិបត្តិការសន្តិសុខអសន្ដិសុខបែបប្រពៃណី និងអសន្ដិសុខថ្មីៗ ដូចជាមជ្ឈមណ្ឌលឆបោកតាមអនឡាញ ការជួញដូរមនុស្ស គ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន ដែលជួយការពារសន្តិសុខជាតិវៀតណាមផង និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដោយមិនចាំបាច់លូកដៃជ្រៅក្នុងជម្លោះនយោបាយផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាឡើយ។

ជាចុងក្រោយ លោក អេនហ្សូ បានសន្និដ្ឋានថា វៀតណាមបានដើរតួនាទីយ៉ាងសំខាន់ជាស្ពានការទូតដ៏មានតម្លៃ ដែលរក្សាទំនាក់ទំនងការងារប្រកបដោយទំនុកចិត្តជាមួយអាជ្ញាធរមីយ៉ាន់ម៉ា ព្រមទាំងការពារសាមគ្គីភាព និងភាពស្របច្បាប់របស់ប្លុកអាស៊ាន។គួរបញ្ជាក់ថា ដំណើរទស្សនកិច្ច ជាដំណើរបំពេញទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក មីន អ៊ុងឡាំង ចាប់តាំងពីមីយ៉ាន់ម៉ាបានបញ្ចប់ការបោះឆ្នោតសកលក្នុងខែមករា ឆ្នាំ២០២៦ និងបានបង្កើតរដ្ឋាភិបាលថ្មីក្នុងខែមេសា៕

Khcct banner

អត្ថបទទាក់ទង