អ៊ីរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baqaei បានប្រកាសព្រមានដោយបើកចំហទៅកាន់កូរ៉េខាងត្បូងកាលពីល្ងាចថ្ងៃច័ន្ទ លោកថាការចូលរួមយោធាណាមួយរបស់កូរ៉េខាងត្បូងនៅក្នុងឈូងសមុទ្រពែរ្ស និងច្រកសមុទ្រហ័រមូស នឹងមាន «ផលវិបាកធ្ងន់ធ្ងរ» បំផុតកើតឡើងចំពោះប្រទេសកូរ៉េខាងត្បូង។ ការព្រមានរបស់លោកនេះធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានរាយការណ៍ថារដ្ឋាភិបាលកូរ៉េកំពុងរៀបចំនីតិវិធីដើម្បីស្វែងរកការយល់ព្រមពីសភាសម្រាប់ការដាក់ពង្រាយ រួមទាំងការដាក់ញត្តិយល់ព្រមទៅសភានៅខែនេះក្នុងការបញ្ជូនទាហានរបស់ខ្លួនឆ្ពោះទៅច្រកសមុទ្រហ័រមូស។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បានបញ្ជាក់តាមបណ្តាញសង្គម X ថាទំនាក់ទំនងរវាងអ៊ីរ៉ង់ និងសាធារណរដ្ឋកូរ៉េមានប្រវត្តិជាង ៦៤ ឆ្នាំ ហើយចំណងមិត្តភាពរវាងប្រទេសទាំងពីរបានអភិវឌ្ឍជាប់លាប់ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក។លោកថាអ៊ីរ៉ង់ផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពរបស់ខ្លួនជាមួយសាធារណរដ្ឋកូរ៉េ។
លោកបញ្ជាក់ទៀតថាបច្ចុប្បន្ននេះ ប្រជាជនអ៊ីរ៉ង់កំពុងការពារខ្លួនប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់អាម៉េរិក ហើយក្នុងស្ថានភាពដែលអ៊ីរ៉ង់កំពុងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះឧក្រិដ្ឋកម្មសង្គ្រាមរបស់អាម៉េរិកប្រឆាំងនឹងស្ត្រី និងកុមារ ប្រទេសផ្សេងទៀតដែលរក្សាវត្តមានយោធា ឬចូលរួមក្នុងប្រតិបត្តិការនៅឈូងសមុទ្រពែរ្ស និងច្រកសមុទ្រហ័រមូស អាចត្រូវបានចាត់ទុកថាជាការគាំទ្រដោយផ្ទាល់ដល់ជនល្មើសនៃការឈ្លានពាន ហើយវានឹងនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ។
គួររម្លឹកថាកូរ៉េខាងត្បូងកំពុងរៀបចំដាក់ពង្រាយកម្លាំងយោធា ដើម្បីគាំទ្រដល់សេរីភាពនៃការធ្វើដំណើររបស់នាវាចរណ៍ នៅច្រកសមុទ្រហ័រមូស ហើយមានគោលបំណងបញ្ជូនកងទ័ពទាំងនោះឱ្យបានមុនដាច់ឆ្នាំនេះ ដោយដ្ឋាភិបាលកំពុងរៀបចំនីតិវិធី ដើម្បីស្វែងរកការអនុម័តយល់ព្រមពីរដ្ឋសភា សម្រាប់ការដាក់ពង្រាយកងកម្លាំង បន្ទាប់ពីមានការពិនិត្យពីគណៈរដ្ឋមន្ត្រី។ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏កំពុងពិចារណាលើជម្រើសនានា រួមមានការបញ្ជូនយន្តហោះល្បាត នាវាជួយសង្គ្រោះ និងផ្គត់ផ្គង់ ឬអង្គភាពស្វែងរក និងកម្ទេចមីន ហើយបាន និងកំពុងពិភាក្សាអំពីទំហំ និងទម្រង់នៃការចូលរួម ដែលអាចធ្វើទៅបាន ជាមួយបណ្តាប្រទេសនានា រួមមានសហរដ្ឋអាម៉េរិក អង់គ្លេស និងបារាំង ជាដើម៕