Swift cc time

វៀតណាម នឹងជួយគាំទ្រមីយ៉ាន់ម៉ាពង្រឹងវិស័យការពារជាតិនិងសន្តិសុខ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ ប្រទេសវៀតណាម និងមីយ៉ាន់ម៉ា បានយល់ព្រមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដោយបានលើកកម្ពស់វិស័យនេះឱ្យក្លាយជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគី ក្នុងអំឡុងពេលកិច្ចចរចារវាងប្រធានរដ្ឋវៀតណាម លោក តូ ឡាំ និងប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង នៅទីក្រុងហាណូយ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ មេដឹកនាំទាំងពីរបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលយោធា ការផ្លាស់ប្តូររវាងនាយទាហានវ័យក្មេង ប្រតិបត្តិការស្វែងរក និងសង្គ្រោះ ការឆ្លើយតបគ្រោះមហន្តរាយ ព្រមទាំងការបង្កើនការចែករំលែកព័ត៌មាន និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសផ្សេងៗ។ ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការមិនអនុញ្ញាតឱ្យបុគ្គល ឬអង្គការណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីធ្វើសកម្មភាពប្រឆាំងនឹងប្រទេសដទៃនោះឡើយ។

ក្រៅពីវិស័យការពារជាតិ មេដឹកនាំទាំងពីរបានយល់ព្រមពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដោយកំណត់យកវិស័យសក្តានុពលដូចជា កសិកម្មបច្ចេកវិទ្យាខ្ពស់ ការកែច្នៃចំណីអាហារ ទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល ថាមពល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

មុនកិច្ចប្រជុំផ្លូវការនេះ លោក មីន អ៊ុងឡាំង ក៏បានចំណាយពេលចុះទស្សនកិច្ចនៅរោងចក្រផលិតរថយន្តអគ្គិសនី VinFast និងក្រុមហ៊ុនទូរគមនាគមន៍ Viettel ដើម្បីស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្មជាមួយភាគីវៀតណាម។

គួរបញ្ជាក់ថា ក្រោយដំណើរទស្សនកិច្ចនេះ លោក មីន អ៊ុងឡាំង នឹងបន្តមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃ គឺថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ខាងមុខនេះ៕

Khcct banner

អត្ថបទទាក់ទង