ថៃ៖ កងទ័ពជើងគោកថៃ បានប្រកាសបើកទទួលពាក្យចុះឈ្មោះ «ទាហានស្ម័គ្រចិត្ត» ចំនួន ១៨,៧៨៤ កន្លែងនៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៧ ក្រោមកិច្ចសន្យារយៈពេល ៤ ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ និងឱកាសកសាងអាជីពយោធា និងទទួលបានសិទ្ធិអាទិភាពពិសេសក្នុងការប្រឡងចូលរៀននៅសាលានាយទាហានរង។ ដោយការចុះឈ្មោះតាមអនឡាញនេះអាចធ្វើបានដល់បុរសដែលមានសញ្ជាតិថៃអាយុចាប់ពី ១៨ ដល់ ២៦ ឆ្នាំហើយការទទួលពាក្យនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ខែកញ្ញា ដល់ថ្ងៃទី ២៤ ខែមករា ខាងមុខ។
យោងតាមការចេញផ្សាយរបស់កាសែត The Bangkok Post ទាហានស្ម័គ្រចិត្តថៃ នឹងបម្រើការងារក្រោមប្រព័ន្ធកិច្ចសន្យា ៤ ឆ្នាំ ដោយទទួលបានការហ្វឹកហ្វឺន និងបំពេញភារកិច្ចដូចទាហានកាតព្វកិច្ចទូទៅ ប៉ុន្តែទទួលបានអត្ថប្រយោជន៍បន្ថែមយ៉ាងច្រើន។ ក្នុងនោះ រួមមានប្រាក់ខែចាប់ផ្តើមចំនួន ១២,០៩០ បាត (ប្រមាណ ៣៦៨ ដុល្លារ) បូករួមប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២,៨៨០ បាត (ប្រមាណ ៨៨ ដុល្លារ) ដែលសរុបជិត ៥០០ ដុល្លារក្នុងមួយខែ។ បន្ទាប់ពីបម្រើការងារបាន ២ ឆ្នាំ ពួកគេនឹងទទួលបានសិទ្ធិអាទិភាពពិសេសក្នុងការប្រឡងចូលរៀននៅសាលានាយទាហានរង។
សម្រាប់លក្ខខណ្ឌជ្រើសរើស គឺបើកទូលាយចំពោះបុរសថៃអាយុពី ១៨ ដល់ ២០ ឆ្នាំ, បុរសអាយុពី ២២ ដល់ ២៦ ឆ្នាំ ដែលធ្លាប់បានឆ្លងកាត់ការជ្រើសរើស ប៉ុន្តែមិនទាន់បានចូលបម្រើការ, កងកម្លាំងបំរុងដែលមានអាយុក្រោម ២៦ ឆ្នាំ ព្រមទាំងទាហានកាតព្វកិច្ចដែលត្រូវផុតកិច្ចសន្យារំសាយកងនៅឆ្នាំ ២០២៧ ខាងមុខ៕