Swift cc time

អនុទីន បញ្ជាឱ្យបណ្តេញជនជាតិបារាំងម្នាក់ចេញពីថៃ ក្រោយលើកទង់ជាតិប៉ាឡេស្ទីន រើសអើងជនជាតិអ៊ីស្រាអ៊ែល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល (Anutin Charnvirakul) នៅថ្ងៃចន្ទនេះ បានចុះហត្ថលេខាលើបញ្ជាបណ្តេញជនជាតិបារាំងម្នាក់ ឈ្មោះ Kevin Dimino ចេញពីប្រទេសថៃ បន្ទាប់ពីអាជ្ញាធររកឃើញថា សកម្មភាពរបស់រូបគេបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងសីលធម៌សង្គម។ លោក Dimino ត្រូវបានតុលាការខេត្តកោះសាម៊ុយ (Koh Samui) រកឃើញថាមានទោសពីបទរំលោភច្បាប់ចរាចរណ៍ និងត្រូវពិន័យជាប្រាក់ ៥,០០០ បាត (ប្រមាណ ១៥២ ដុល្លារ) ព្រមទាំងត្រូវបានចោទប្រកាន់ពីបទប្រើអាកប្បកិរិយាគំរាមកំហែង ហិង្សា និងបង្កើតឱ្យមានការបែកបាក់រវាងពូជសាសន៍ និងសាសនាក្នុងចំណោមភ្ញៀវទេសចរ។

យោងតាមការចេញផ្សាយរបស់កាសែត Khaosod រឿងរ៉ាវបានចាប់ផ្តើមនៅសួនសត្វ Samui Exotic Park ដែលជារបស់ភរិយាលោក Dimino ឈ្មោះ Jindarat។ លោកស្រី Jindarat បានប្តឹងប៉ូលីសថៃថា ក្រុមទេសចរអ៊ីស្រាអែលមួយក្រុមបានបំពានច្បាប់ ដោយមិនព្រមបង់ថ្លៃសំបុត្រ លួចបើកទ្រុងសត្វ និងបានវាយសត្វស្លាបមួយក្បាលរហូតដល់ងាប់។ លោកស្រីក៏បានបង្ហោះទង់ជាតិប៉ាឡេស្ទីន និងហាមឃាត់ក្រុមនោះមិនឱ្យចូលសួនសត្វទៀតឡើយ។ បន្ទាប់មក គ្រួសារលោកស្រីបានទទួលសារគំរាមកំហែងដុតផ្ទះ និងសួនសត្វ ទើបធ្វើឱ្យលោក Dimino សម្រេចចិត្តជិះទៅតទល់មុខគ្នានៅទីតាំងអាជីវកម្មរបស់ក្រុមទេសចរនោះតែម្តង។

ផ្អែកតាមច្បាប់បណ្តេញចេញរបស់ថៃ លោក Dimino មានសិទ្ធិប្តឹងតវ៉ាផ្ទាល់ទៅនាយករដ្ឋមន្ត្រីថៃ ដើម្បីស្នើសុំលុបចោលបញ្ជានេះក្នុងរយៈពេល ៧ ថ្ងៃ៕

Khcct banner

អត្ថបទទាក់ទង