អ៊ូសបេគីស្ថាន៖ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយលោក រ៉ូហ្វី អូស្មាន សមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា និងជាសមាជិកក្រុមរដ្ឋសភាកម្ពុជា នៃសភាវ័យក្មេង (Young Parliamentarians) បានអញ្ជើញចូលរួម សន្និសីទសកលលើកទី១២ នៃសមាជិកសភាវ័យក្មេងរបស់ IPU ក្រោមមូលបទ «ការស្តារឡើងវិញនូវសិទ្ធិមនុស្ស យុត្តិធម៌ និងសេចក្តីថ្លៃថ្នូរសម្រាប់មនុស្សគ្រប់រូបក្នុងសភាពការណ៍ដ៏ច្របូកច្របល់»។ សន្និសីទសកលនេះ សហការរៀបចំឡើងដោយព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ជាមួយ IPU ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និសីទ Silk Road Samarkand។
សន្និសីទសកលនេះ មានការចូលរួមពីលោកស្រី Tanzila Norbaeva ប្រធានព្រឹទ្ធសភាអ៊ូសបេគីស្ថាន លោកស្រីបណ្ឌិត Tulia Ackson ប្រធាន IPU លោក Nuriddinjon Ismailov ប្រធានរដ្ឋសភាអ៊ូសបេគីស្ថាន សមាជិកសភាវ័យក្មេងប្រមាណ ១០០រូប មកពីប្រទេសចំនួន ៥០ និងតំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល ព្រមទាំងអង្គការនិងអ្នកជំនាញយុវជន។ សន្និសីទសកលនេះ ជាវេទិកាសម្រាប់សមាជិកសភាវ័យក្មេង ផ្លាស់ប្តូរបទពិសោធ បង្កើនការផ្សាភ្ជាប់ពហុភាគី និងបង្កើតវិធីសាស្រ្តជាក់ស្តែងសំដៅដោះស្រាយបញ្ហាថ្មីៗនៃភូមិសាស្រ្តនយោបាយ។
លោក រ៉ូហ្វី អូស្មាន បានចូលរួម និងបានចែករំលែកមតិយោបល់យ៉ាងសកម្មនៅក្នុងសម័យប្រជុំទាំង ៦ នៃសន្និសីទសកលនេះ ដោយផ្តោតសំខាន់ពិសេសលើមាគ៌ានិងបទពិសោធរបស់កម្ពុជាក្នុងដំណើរការស្វែងរកសន្តិភាពគ្រប់ជ្រុងជ្រោយ សារៈសំខាន់នៃការរក្សាសន្តិភាពនិងស្ថិរភាព ការរក្សាការពារសិទ្ធិរបស់យុវជនក្នុងអំឡុងពេលមានជម្លោះ និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
សន្និសីទសកលលើកទី១២ នៃសមាជិកសភាវ័យក្មេងរបស់ IPU បានបញ្ចប់ដោយមានការអនុម័តឯកសារលទ្ធផល ដោយអង្គសន្និសីទទាំងមូល និងបានបញ្ជាក់សាជាថ្មីថា សិទ្ធិមនុស្សគឺជាមូលដ្ឋានគ្រឹះនៃការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុខសុវត្ថិភាព។ គោលការណ៍នានាដែលមានចែងក្នុងសេចក្តីប្រកាសសកលស្តីពីសិទ្ធិមនុស្ស និងគោលការណ៍ដែលបានឆ្លុះបញ្ចាំងនៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) កំពុងទទួលរងការប្រឈម ដោយការកើនឡើងនៃជម្លោះ បច្ចេកវិទ្យាថ្មីៗ វិបត្តិបរិស្ថាន ព្រមទាំងភាពមិនប្រាកដប្រជាវិស័យសេដ្ឋកិច្ចនិងនយោបាយ។ ជាលទ្ធផល អង្គសន្និសីទ ក៏បានសម្តែងការប្តេជ្ញាចិត្តឡើងវិញចំពោះសិទ្ធិមនុស្ស ព្រមទាំងរក្សាការទទួលខុសត្រូវរបស់បណ្តាសភាក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស៕