ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំបង្ហាញស្តីពីបច្ចុប្បន្នភាព និងស្ថានការណ៍ចុងក្រោយតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជូនក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ដែលមានចំនួន ២២រូប តំណាងឱ្យ ១៨ប្រទេស។
បទបង្ហាញនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ ដោយផ្តោតលើការវិវត្តនៃស្ថានការណ៍នៅតាមព្រំដែន ចាប់ពីមុនពេលមានការប៉ះទង្គិចប្រដាប់អាវុធ រហូតដល់ការឈានដល់បទឈប់បាញ់ក្នុងខែធ្នូ ឆ្នាំ២០២៥ និងបរិបទសន្តិសុខដែលកំពុងវិវត្តនាពេលបច្ចុប្បន្ន។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ រដ្ឋលេខាធិការ ក៏បានរំលឹកពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងបានថ្លែងអំណរគុណដល់អនុព័ន្ធយោធាបរទេសដែលបានចូលរួមស្តាប់ការបង្ហាញ និងធ្លាប់ចុះពិនិត្យស្ថានភាពជាក់ស្តែងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ក្នុងនោះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលការងារដែលបានអនុវត្តកន្លងមក ជាពិសេសការងារបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលលេខ ៥២ ដល់ ៥៩ និងចន្លោះបង្គោលលេខ ៤២ ដល់ ៤៧ ក្នុងអំឡុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៥ មុនការប៉ះទង្គិចតាមព្រំដែនលើកទី២។
ក្រសួងក៏បានលើកឡើងពីកិច្ចខិតខំរបស់ភាគីកម្ពុជាក្នុងការជំរុញឱ្យមានកិច្ចប្រជុំ គណៈកម្មការព្រំដែនចម្រុះ (JBC) និងស្នើឱ្យភាគីថៃបញ្ជូន ក្រុមវាស់វែងចម្រុះ (JSTs) មកបន្តអនុវត្តការងារនៅលើដីជាក់ស្តែង តាមយន្តការទ្វេភាគីដែលមានស្រាប់ ដើម្បីស្វែងរកដំណោះស្រាយអចិន្ត្រៃយ៍ចំពោះបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ ក្រុមអ្នកសម្របសម្រួលរបស់កម្ពុជាក៏បានបង្ហាញពីតួនាទី និងការរួមចំណែករបស់ខ្លួនក្នុងការសម្របសម្រួលជាមួយយន្តការសង្កេតការណ៍របស់អាស៊ាន ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
សេចក្តីប្រកាសបានបញ្ជាក់ថា ទោះបីភាគីទាំងពីរបានព្រមព្រៀងលើបទឈប់បាញ់ និងមានយន្តការសម្រាប់ដោះស្រាយបញ្ហាព្រំដែនក៏ដោយ ស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែននៅតែមានបញ្ហាប្រឈម។ តាមការលើកឡើងរបស់ក្រសួងការពារជាតិ បញ្ហាដែលកម្ពុជាកំពុងព្រួយបារម្ភ រួមមានការចល័តកងទ័ព ការរាយបន្លាលួស ការដាក់កុងតឺន័រ និងការសាងសង់សំណង់រឹង ដែលត្រូវបានចោទថាកំពុងផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដី និងរារាំងការវិលត្រឡប់របស់ប្រជាពលរដ្ឋកម្ពុជាទៅកាន់លំនៅឋានរបស់ពួកគេ។
ក្រសួងការពារជាតិបានអះអាងថា បញ្ហាទាំងនេះនៅតែជាបញ្ហាប្រឈម និងទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ ខណៈកម្ពុជានៅតែបន្តជំរុញការសន្ទនា ការទំនាក់ទំនង និងការសម្របសម្រួលតាមយន្តការដែលមានស្រាប់។
ជាថ្មីម្តងទៀត កម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់ GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីនាំស្ថានការណ៍តាមព្រំដែនឱ្យវិលត្រឡប់ទៅរកភាពប្រក្រតី សន្តិភាព និងស្ថិរភាពយូរអង្វែង៕