ភ្នំពេញ៖ ជនជាតិឥណ្ឌូនេស៊ី ចំនួនប្រមាណជាង ៤៧៥ ក្នុងនោះស្រីចំនួន ៤៨នាក់ បាននិងកំពុងរក្សាទុកនៅកន្លែងស្នាក់នៅ(cargo)ព្រលានយន្តហោះពោធិ៍ចិនតុង ហើយមួយចំនួនស្នាក់នៅរយ:ពេលយូរ គឺដោយរង់ចាំឯកសារធ្វើដំណើរពីស្ថានទូត និងមួយចំនួនខ្វះលទ្ធភាពទិញសំបុត្រយន្តហោះត្រឡប់ទៅវិញ ។ ភាគច្រើននៃជនជាតិឥណ្ឌូនេស៊ី ទាំងនោះ គឺល្មើសច្បាប់អន្តោប្រវេសន៍កម្ពុជា ដោយស្នាក់នៅធ្វើការខុសច្បាប់ និងស្នាក់នៅលើសទិដ្ឋាការកំណត់ ។ ឥណ្ឌូនេស៊ី ទាំងអស់នោះ បានទទូចស្នើសុំទៅកាន់រដ្ឋាភិបាលរបស់ខ្លួន ជាពិសេស ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា ជួយអន្តរាគមន៍ ដើម្បីឱ្យពួកគេឆាប់បានវិលត្រឡប់ទៅប្រទេសកំណើតវិញ។
យោងងតាមប្រភពដែល ស៊ីស៊ីថាមស៍ ទទួលបានជនជាតិ ឥណ្ឌូនេស៊ី ទាំង ៤៧៥នេះ បានធ្វើដំណើរចូលមកកម្ពុជា និងបានចូលធ្វើការងារដោយខុសច្បាប់ពាក់ព័ន្ធ Online Scams។ក្រោយរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការបោសសំអាត Online Scams ជនជាតិឥណ្ឌូនេស៊ី ទាំងអស់នោះ បានរត់ចាកចេញពីកន្លែងធ្វើការដោយខ្លួនឯង ឆ្ពោះសំដៅទៅស្ថានទូតឥណ្ឌូនេស៊ី ក្នុងរាជធានីភ្នំពេញ ដើម្បីជួយពួកគេ។ តែក្រោយមកពួកគេ ត្រូវបានបញ្ជូនមកកាន់នៅកន្លែងស្នាក់នៅ(cargo)ព្រលានយន្តហោះពោធិ៍ចិនតុង របស់កម្ពុជា ហើយភាគច្រើន គឺគ្មានលិខិតឆ្លងដែននោះទេ។
ក្នុងបទសម្ភាសន៍ជាមួយ ស៊ីស៊ីថាមស៍ ជនជាតិឥណ្ឌូនេស៊ី ទាំងអស់នោះ បានត្អូញត្អែរពីភាពលំបាករបស់ពួកគេ និងបានទទូចស្នើសុំទៅកាន់រដ្ឋាភិបាល ជាពិសេស ស្ថានទូតឥណ្ឌូនេស៊ី ជួយអន្តរាគមន៍ ដើម្បីពួកគេឆាប់បានវិលត្រឡប់ទៅប្រទេសកំណើតវិញ។
បើតាមប្រភពបានឱ្យដឹងថា កន្លងទៅស្ថានទូតឥណ្ឌូនេស៊ី បានចូលរួមជួយសម្រួលម្ហូបអាហារ និង លិខិតសុំបើកផ្លូវជួយដល់ជនជាតិខ្លួន តែចាប់ពីថ្ងៃទី ៣០ សីហា ២០២៦ ស្ថានទូតបានបញ្ចប់ការផ្តល់ជំនួយគាំទ្រក្រោមហេតុផលថា ស្ថានទូតអស់ថវិកាគាំទ្រ។ក្នុងករណីរដ្ឋាភិបាល ប្រទេសឥណ្ឌនេស៊ី ជួយដល់ពួកគេតាមរយៈសម្រួលធ្វើ លិខិតបើកផ្លូវ ទិញសំបុត្រយន្ត នោះពួកគេនឹងឆាប់បានទៅប្រទេសកំណើតវិញយ៉ាងឆាប់រហ័ស៕