សៀមរាប៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២ កញ្ញា បានជំរុញឱ្យម្ចាស់អាជីវកម្ម អាជីវករ អ្នកលក់ដូរ បុគ្គលស្វ័យនិយោជន៍ បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកផ្តល់សេវាកម្មទេសចរណ៍គ្រប់ប្រភេទ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ ធ្វើការចុះឈ្មោះក្នុងថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល និងស្នើសុំទទួលយកបណ្ណជំនាញ (Skill voucher) ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជា។ ការធ្វើឡើងនេះ ក្នុងពិធីជួបជុំអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ លើកទី២ ដែលមានអ្នកចូលរួមរហូតដល់ជាង ៣,៥០០នាក់។
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានយកឱកាសនេះ គូសរំលេចជូនបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃវិស័យទេសចរណ៍ទាំងអស់ថា ការចុះឈ្មោះក្នុងថ្នាលឌីជីថលនេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗចំនួន ៤ រួមមាន៖ ទី១).អត្ថប្រយោជន៍ចំពោះផ្នែកសុខភាព ដោយបងប្អូនអាចមានលទ្ធភាពចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីទទួលបានសេវាថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលរដ្ឋ និងឯកជន, ចំណែកបងប្អូនដែលស្ថិតក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ អាចទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលរដ្ឋទូទាំងប្រទេស តាមរយៈមូលនិធិសមធម៌សុខាភិបាល។ ទី២).អត្ថប្រយោជន៍សម្រាប់ការពង្រីកអាជីវកម្ម។ ទី៣).អត្ថប្រយោជន៍សម្រាប់ពង្រឹងសមត្ថភាព តាមរយៈកម្មវិធីបណ្ណជំនាញ (Skill voucher) ដែលបងប្អូន អាចទទួលបានការបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាព ជំនាញដែលមានស្រាប់ និងទទួលបានជំនាញថ្មីៗ។ និងទី៤).អត្ថប្រយោជន៍ផ្សេងៗទៀត ដែលកើតចេញពីវិធានការអន្តរាគមន៍នានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ការចុះឈ្មោះ និងការផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់ ព្រោះទិន្នន័យទាំងនេះ នឹងជួយឱ្យរាជរដ្ឋាភិបាល អាចផ្តល់ការគាំទ្រដល់បងប្អូនបាន កាន់តែឆាប់រហ័ស ចំគោលដៅ និងទាន់ពេលវេលា។ លោករដ្ឋមន្រ្តី ក៏បានបន្តថា បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ គឺជាអ្នកផ្សព្វផ្សាយទេសចរណ៍ចល័ត និងជាកម្លាំងចលករដ៏រស់រវើក ដែលកំពុងចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងរួមគ្នាកសាងអនាគតដ៏រីកចម្រើនរបស់ប្រទេសជាតិ៕