ភ្នំពេញ៖ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី២ កញ្ញា បានចុះសង្កេតមើលដោយផ្ទាល់ដោយមិនជូនដំណឹងជាមុន នៅមន្ទីរពេទ្យព្រះអង្គឌួង ពីដំណើរការប្រចាំថ្ងៃ គុណភាពនៃការផ្តល់សេវា ការថែទាំអ្នកជំងឺ និងបានស្តាប់ពីស្ថានភាពជាក់ស្តែងរបស់បុគ្គលិកសុខាភិបាល និងអ្នកជំងឺ។
ដោយមិនជូនដំណឹងជាមុន ក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យព្រះអង្គឌួង លោករដ្ឋមន្ត្រី បានសង្កេតមើលដោយផ្ទាល់ពីដំណើរការប្រចាំថ្ងៃ គុណភាពនៃការផ្តល់សេវា ការថែទាំអ្នកជំងឺ និងបានស្តាប់ពីស្ថានភាពជាក់ស្តែងរបស់បុគ្គលិកសុខាភិបាល និងអ្នកជំងឺ។ ការចុះសង្កេតនេះ លោករដ្ឋមន្រី្ត បានចាត់ទុកថា «ការស្រាវជ្រាវ និងការវិភាគទិន្នន័យ គឺជាគន្លឹះជួយឱ្យមន្ទីរពេទ្យកាន់តែរីកចម្រើន និងអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព»។
ទន្ទឹមនឹងនេះ លោកសាស្ត្រាចារ្យ ក៏បានចូលរួមយោបល់ក្នុងវគ្គបណ្តុះបណ្តាល និងគូសបញ្ជាក់ពីសារៈសំខាន់នៃការសិក្សាអំពីវិធីសាស្ត្រស្រាវជ្រាវ និងការវិភាគទិន្នន័យ ដែលនឹងជួយឱ្យមន្ទីរពេទ្យស្វែងរកចំណុចខ្វះខាត កែលម្អគុណភាពព្យាបាល ធ្វើការសម្រេចចិត្តផ្អែកលើភស្តុតាង និងកំណត់ទិសដៅអភិវឌ្ឍន៍ឱ្យកាន់តែច្បាស់លាស់។
ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យបានកោតសរសើរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យ ដែលទោះបីមានអ្នកជំងឺមកទទួលសេវាច្រើន ក៏នៅតែខិតខំរៀបចំការផ្តល់សេវាប្រកបដោយភាពសមរម្យ កាត់បន្ថយពេលវេលារង់ចាំ និងបង្ហាញពីស្មារតីទទួលខុសត្រូវ និងឆន្ទៈក្នុងការបន្តអភិវឌ្ឍន៍៕