Swift cc time

ជាង១ឆ្នាំ កម្ពុជាបង្កក «ទ្រព្យសម្បត្តិ» ជាប់ពាក់ព័ន្ធ Online Scam បានជាង ៣០០លានដុល្លារ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ រយៈពេលជាង ១ឆ្នាំ ចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាថវិកាជាង ៣០០លានដុល្លារអាមេរិក ក្នុងគណនីធនាគារត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិពាក់ព័ន្ធផ្សេងទៀតដែលកំពុងបន្តនីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។ នេះបើតាមរបាយការណ៍ពីលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។

តាមរបាយការណ៍បានបញ្ជាក់ថា សមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿងសរុបចំនួន ៤៤៦ ករណី ទៅកាន់តុលាការ ដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ៣,៩២៧ នាក់ រួមមានទាំងមេខ្លោង និងគូកន មកពី ២៩ សញ្ជាតិ។ ទន្ទឹមគ្នានឹងការអនុវត្តនីតិវិធីផ្តន្ទាទោសចំពោះឧក្រិដ្ឋជន សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីអាជ្ញាធរដែលរកឃើញថាមានការជាប់ពាក់ព័ន្ធ។ ក្នុងនោះ មានសំណុំរឿងចំនួន ៤ ករណី ពាក់ព័ន្ធនឹងជនសង្ស័យ ១៥ នាក់ ត្រូវបានចាត់វិធានការ រួមមាន ព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងនគរបាលរាជធានីភ្នំពេញ, អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។

កន្លងមក កងកម្លាំងសមត្ថកិច្ចជំនាញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុប ៨៣២ ទីតាំង ដោយក្នុងនោះបានឈានទៅបើកប្រតិបត្តិការបង្ក្រាបបានចំនួន ៦៦៣ ទីតាំង។ ក្នុងនោះ កម្លាំងសមត្ថកិច្ចបានបង្ក្រាប និងគ្រប់គ្រងមណ្ឌលឆបោក (Scam Compounds) ធំៗចំនួន ៨៦ ទីតាំង ដែលអាជ្ញាធរមានសមត្ថកិច្ចកំពុងអនុវត្តនីតិវិធីដើម្បីឈានទៅរឹបអូសតាមច្បាប់ជាធរមាន។ បន្ថែមពីនេះ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាសង្ស័យសរុបជិត ៣០,០០០ នាក់ ដែលមាន ៣៩ សញ្ជាតិ។ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះ និងអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍ជនបរទេសបានចំនួនជាង ២២,០០០ នាក់ មកពី ៣៨ សញ្ជាតិ។

បើតាមប្រភពដដែល សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់លើកាស៊ីណូចំនួន ២៧ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្នុងនោះបានដកហូតអាជ្ញាបណ្ណចំនួន ១៨ កាស៊ីណូ និងព្យួរអាជ្ញាបណ្ណចំនួន ៩ កាស៊ីណូ។ ជាងនេះ សមត្ថកិច្ចកំពុងបន្តត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ ដើម្បីចាត់វិធានការតាមច្បាប់ចំពោះកាស៊ីណូណាដែលប្រព្រឹត្តសកម្មភាពល្បែងស៊ីសង ឬភ្នាល់តាមអនឡាញ (Online Gambling / Online Sports Betting) ដោយខុសច្បាប់៕

Khcct banner

អត្ថបទទាក់ទង