Swift cc time

និពន្ធនាយកសារព័ត៌មាន ស៊ីស៊ីថាមស៍ ភាសាខ្មែរ យកវេទិកាមេគង្គ-ឡានឆាង ថ្លែងជំរុញឱ្យរួមគ្នាជីកកាយផ្សាយពី«សមិទ្ធផលតូចៗ»កើតចេញពីគម្រោង

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ឈីងហៃ៖ និពន្ធនាយកសារព័ត៌មាន ស៊ីស៊ីថាមស៍ ភាសារខ្មែរ លោក គួន សំបូរ តំណាងឱ្យក្រុមការងារទាំងមូលទទួលបានអញ្ជើញពីរដ្ឋបាលខេត្តឈីងហៃ (Qinghai) ប្រទេសចិន ដើម្បីចូលរួមថ្លែងក្នុងកិច្ចសន្ទនាប្រព័ន្ធផ្សព្វផ្សាយ មេគង្គ-ឡានឆាង។ក្នុងកិច្ចសន្ទនានោះ លោកបានថ្លែងជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយរួមគ្នាជីកកាយផ្សាយពីសមិទ្ធផលនានា ជាពិសេស«សមិទ្ធផលតូចៗ» ដែលកើតចេញពីគម្រោងនៃកិច្ចសហរប្រតិបត្តិការនេះ។

ក្នុងវេទិកានោះ លោក គួន សំបូរ បានគូសបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយមិនត្រឹមតែត្រូវយកចិត្តទុកដាក់លើតែគម្រោងធំៗ ប៉ុណ្ណោះទេ ប៉ុន្តែត្រូវស្វែងរកជីកកាយរក «រឿងរ៉ាវតូចៗ» នៅពីក្រោយគម្រោងធំៗដែលបានចូលរួមជួយលើកកម្ពស់ជីវភាពដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ហើយការផ្សាយយ៉ាងដូច្នេះ ទើបរឿងរ៉ាវស្តីពីគម្រោងនៃឡានឆាង-មេគង្គ កាន់តែជាក់ស្តែង មានភាពរស់រវើក និង កាន់តែងាយស្រួលចូលដល់អារម្មណ៍របស់ប្រជាជន។

 លោក គួន សំបូរ បានថ្លែងចែករំលែកក្នុងវេទិកាបង្ហាញពីការរីកចម្រើននៅកម្ពុជាជាក់ស្តែង ជាពិសេសកម្ពុជា បច្ចុប្បន្នកំពុងតែមានយុវជនកាន់តែច្រើន ហើយយុវជនទាំងអស់នោះ មានសមត្ថភាពអាចប្រើប្រាស់បច្ចេកវិទ្យានានា តាមរយៈទូរសព្ទដៃ ផលិត វីដេអូខ្លី និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីទាក់ទាញទស្សនិកជនឱ្យចង់មើល យល់បានងាយ និងចង់ចែករំលែកបន្ត។

 លោកបានផ្តល់អនុសាសន៍ទៅកាន់វេទិកា ដោយជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយនៃបណ្តាប្រទេសមេគង្គ-ឡានឆាង គួរតែពង្រឹងបន្ថែមទៀតនូវការចុះយកព័ត៌មានរួមគ្នា ការផ្លាស់ប្តូរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ការចែករំលែកមាតិកា និង កិច្ចសហប្រតិបត្តិការលើវីដេអូខ្លី ដោយប្រើប្រាស់មុំទស្សនៈផ្សេងៗគ្នា ដើម្បីកត់ត្រា និង ផ្សព្វផ្សាយពីរឿងរ៉ាវមេគង្គ-ឡានឆាង។

ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយមកពីកម្ពុជា លោក គួន សំបូរ ក្នុងនាមជាសារព័ត៌មាន ស៊ីស៊ីថាមស៍ បានបង្ហាញពីឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការ និង ការផ្លាស់ប្តូររវាងប្រព័ន្ធផ្សព្វផ្សាយ មេគង្គ-ឡានឆាង ដោយនាំយករឿងរ៉ាវរបស់ប្រទេសចិនមកចែករំលែកដល់អ្នកអាននៅកម្ពុជា ព្រមទាំងណែនាំរឿងរ៉ាវរបស់ប្រទេសកម្ពុជា ដែលមានភាពពិតប្រាកដ និងរស់រវើក ជូនដល់ទស្សនិកជននៃបណ្តាប្រទេសមេគង្គ-លានឆាងកាន់តែច្រើនបន្ថែមទៀត៕


Khcct banner

អត្ថបទទាក់ទង