Swift cc time

ពីមាត់ទន្លេមេគង្គ ទៅកាន់ប្រភពទន្លេឡានឆាង៖ ដំណើររបស់គណៈប្រតិភូកម្ពុជានៅខេត្តឈីងហៃ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ពីប្រទេសកម្ពុជា ដែលតំបន់ភាគច្រើនស្ថិតនៅកម្ពស់មិនដល់ ១០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ធ្វើដំណើរឡើងទៅកាន់តំបន់ខ្ពង់រាបដែលមានកម្ពស់ជាង ៤,០០០ម៉ែត្រ និងពីមាត់ទន្លេមេគង្គ ឡើងទៅកាន់ដែនដីប្រភពនៃទន្លេឡានឆាង។ ដំណើររបស់គណៈប្រតិភូកម្ពុជាទៅកាន់ខេត្តឈីងហៃ ប្រទេសចិន លើកនេះ មិនមែនគ្រាន់តែជាការចូលរួមក្នុងកម្មវិធីកិច្ចសន្ទនាមួយឡើយ។ វាក៏ជាដំណើរមួយដែលនាំអ្នកចូលរួមទៅស្វែងយល់ពីប្រភពដើមនៃទន្លេមេគង្គ តាមរយៈភ្នំ ខ្ពង់រាប និងចម្ងាយរាប់ពាន់គីឡូម៉ែត្រ។

ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា គណៈប្រតិភូកម្ពុជាដែលមានមន្ត្រីរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មានជាង ២០រូប បានធ្វើដំណើរទៅកាន់ខេត្តឈីងហៃ ដើម្បីចូលរួមកម្មវិធី «ជួបជុំ និងស្វែងយល់ — កិច្ចសន្ទនាប្រភពនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ»។ សារព័ត៌មាន ស៊ីស៊ីថាមស៍ ក៏បានចាត់តាំងអ្នកយកព័ត៌មានចូលរួមក្នុងដំណើរនេះផងដែរ។

 ក្នុងរយៈពេលប៉ុន្មានថ្ងៃ គណៈប្រតិភូកម្ពុជាបានធ្វើដំណើរឆ្លងកាត់ទីក្រុងស៊ីនីង តំបន់យូស៊ូ និងបឹងឈីងហៃ ដើម្បីស្វែងយល់ពីការអភិរក្សប្រព័ន្ធអេកូឡូស៊ី ទស្សនាទេសភាពធម្មជាតិ ស្វែងយល់ពីវប្បធម៌ និងចូលរួមក្នុងកិច្ចពិភាក្សាជាច្រើន។ សម្រាប់សមាជិកជាច្រើន នេះគឺជាលើកដំបូងដែលពួកគេបានមកដល់តំបន់ខ្ពង់រាបដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទន្លេមេគង្គ។

 ដំណើរដែលគួរឱ្យចងចាំជាពិសេស គឺការធ្វើដំណើរទៅកាន់តំបន់យូស៊ូ ដែលស្ថិតនៅក្នុងតំបន់ប្រភពទន្លេទាំងបី និងជាផ្នែកសំខាន់នៃតំបន់ប្រភពទន្លេឡានឆាង។ នៅកម្ពស់ជាង ៤,០០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ សមាជិកមួយចំនួនគណៈប្រតិភូចាប់ផ្តើមមានអារម្មណ៍ពិបាកដកដង្ហើម ឈឺក្បាល និងហត់នឿយ។ សម្រាប់អ្នកដែលមិនធ្លាប់មកតំបន់ខ្ពង់រាប បទពិសោធន៍នេះបានក្លាយជាអនុស្សាវរីយ៍មួយដែលពិបាកបំភ្លេច។

 នៅទីនោះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបង្ហាញការចាប់អារម្មណ៍ថា ទឹកដែលកើតចេញពីតំបន់ខ្ពង់រាបដ៏ឆ្ងាយនេះ នឹងហូរចុះមកក្លាយជាផ្នែកមួយនៃទន្លេមេគង្គ ហើយបន្តហូរកាត់ប្រទេសជាច្រើន រួមទាំងប្រទេសកម្ពុជាផងដែរ។ លោកក៏បានភ្ជាប់ការយល់ឃើញនេះទៅនឹងព្រែកជីកហ្វូណនតេជោ ដោយលើកឡើងថា នៅពេលគម្រោងនេះសាងសង់រួចរាល់ ទឹកទន្លេមេគង្គនឹងមានទំនាក់ទំនងបន្តទៅកាន់សមុទ្រកែបរបស់កម្ពុជា។

 គួរឲ្យដឹងដែរថា នៅក្នុងប្រទេសចិន ទន្លេនេះត្រូវបានគេហៅថា «ឡានឆាង»។ បន្ទាប់ពីហូរចេញពីប្រទេសចិន វាត្រូវបានគេស្គាល់ថា «មេគង្គ» ហើយបន្តហូរកាត់មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។ សម្រាប់ប្រជាជនកម្ពុជា ទន្លេមេគង្គគឺជាទន្លេដែលស្គាល់ជាទូទៅ។ ប៉ុន្តែការបានធ្វើដំណើរឡើងទៅដល់តំបន់ខាងលើ និងតំបន់ប្រភពរបស់វា បានធ្វើឱ្យការយល់ឃើញ និងអារម្មណ៍ចំពោះទន្លេមេគង្គកាន់តែមានន័យជ្រាលជ្រៅជាងមុន។

ដំណើរទៅកាន់ឈីងហៃលើកនេះ មិនមានតែការទស្សនាទេសភាព វប្បធម៌ និងបរិស្ថានប៉ុណ្ណោះទេ។ ក្នុងនោះគណៈប្រតិភូកម្ពុជា មានលោក វ៉ី សំណាង អភិបាលខេត្តតាកែវ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីមកពីក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងក្រសួងបរិស្ថានជាដើម។ ពួកគេបានចូលរួមកិច្ចសន្ទនាជាមួយតំណាងប្រទេសនានាក្នុងតំបន់មេគង្គ-ឡានឆាង និងភាគីចិន ដោយផ្តោតលើកិច្ចសហប្រតិបត្តិការឧស្សាហកម្ម ការអភិរក្សបរិស្ថាន ការអភិវឌ្ឍទេសចរណ៍ និងការការពារបេតិកភណ្ឌវប្បធម៌។

 គោលបំណងសំខាន់ដែលអភិបាលខេត្តតាកែវ និងខេត្តកែប ចង់សំរេចបាននោះគឺ តើអ្វីខ្លះដែលអាចសហការជាមួយឈីងហៃបាន? តើបទពិសោធន៍របស់ឈីងហៃក្នុងការអភិរក្សបរិស្ថាន អភិវឌ្ឍទេសចរណ៍ និងឧស្សាហកម្ម អាចផ្តល់មេរៀនអ្វីខ្លះសម្រាប់កម្ពុជា? ហើយតើដំណើរលើកនេះអាចក្លាយជាចំណុចចាប់ផ្តើមនៃទំនាក់ទំនងដោយផ្ទាល់ និងយូរអង្វែងរវាងតំបន់ទាំងពីរឬទេ?

លោក សោម ពិសិដ្ឋ បានប្រាប់អ្នកយកព័ត៌មាន ស៊ីស៊ីថាមស៍ ថា ទោះបីខេត្តកែប និងខេត្តឈីងហៃមានចម្ងាយឆ្ងាយ និងមានលក្ខខណ្ឌធម្មជាតិខុសគ្នាក៏ដោយ ក៏តំបន់ទាំងពីរផ្តល់សារៈសំខាន់ខ្ពស់ដល់ការអភិរក្សបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងអាចបង្កើនការផ្លាស់ប្តូរបទពិសោធន៍លើវិស័យបរិស្ថាន និងទេសចរណ៍ ហើយស្វែងរកលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការនាពេលអនាគត។ 

ចំណែកលោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានយកឱកាសក្នុងវេទិកាកិច្ចសន្ទនាស្តីពីឧស្សាហកម្ម នៅទីក្រុងស៊ីនីង ដើម្បីផ្សព្វផ្សាយសក្តានុពលអភិវឌ្ឍន៍របស់ខេត្តតាកែវនៅពេលខាងមុខ។ លោកបានលើកឡើងថា ការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ នឹងបង្កើតឱកាសថ្មីសម្រាប់ខេត្តតាកែវ ជាពិសេសលើវិស័យដឹកជញ្ជូន ឧស្សាហកម្ម និងការកែច្នៃផលិតផលកសិកម្ម។ លោកក៏បានអញ្ជើញសហគ្រាសមកពីបណ្តាប្រទេសក្នុងតំបន់ឡានឆាង-មេគង្គ ឱ្យមកស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅខេត្តតាកែវ។

ដូច្នេះ សម្រាប់គណៈប្រតិភូកម្ពុជា ការមកដល់ឈីងហៃ មិនមែនគ្រាន់តែដើម្បីសង្កេតមើលថា តំបន់មួយផ្សេងទៀតអភិវឌ្ឍយ៉ាងដូចម្តេចនោះទេ ប៉ុន្តែជាឱកាសដើម្បីបង្ហាញពីសក្តានុពលរបស់កម្ពុជា និងស្វែងរកដៃគូសហការថ្មីៗផងដែរ៕


Khcct banner

អត្ថបទទាក់ទង