ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលប្រើប្រាស់គណនីបណ្តាញសង្គមហ្វេសប៊ុក និងគណនីតេឡេក្រាម ដើម្បីផ្តល់ប្រាក់កម្ចីដោយយកការប្រាក់ខ្ពស់ និងដាក់លក្ខខណ្ឌតម្រូវឱ្យអ្នកខ្ចីប្រាក់ថតរូបភាព និងវីដេអូអាក្រាតកាយផ្ញើឱ្យខ្លួន។
ជនសង្ស័យ ឈ្មោះ ប.ប.ណ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បានប្រើប្រាស់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Bunna FC និងគណនីតេឡេក្រាមឈ្មោះ Bun Na ផ្តល់ប្រាក់កម្ចីដោយយកការប្រាក់ខ្ពស់ និងបានដាក់លក្ខខណ្ឌតម្រូវឱ្យអ្នកខ្ចីប្រាក់ថតរូបភាព និងវីដេអូអាក្រាតកាយផ្ញើឱ្យខ្លួន។ នៅពេលជនរងគ្រោះមិនទាន់មានលទ្ធភាពសងប្រាក់ទាន់ពេលវេលា ជនសង្ស័យបានធ្វើសកម្មភាពឆាតគំរាមកំហែងទារប្រាក់ និងយករូបភាពអាក្រាតកាយរបស់ជនរងគ្រោះទៅបង្ហោះជាសាធារណៈលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ។
បច្ចុប្បន្ន នាយកដ្ឋានបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យឈ្មោះ ប.ប.ណ ទៅកាន់សាលាដំបូងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕