Swift cc time

រកឃើញសកម្មភាពក្រុមឧក្រិដ្ឋជនប្រើមេរោគ«Spark RAT»ដើម្បីលួចទិន្នន័យ និងពាក្យសម្ងាត់ជនរងគ្រោះពីចម្ងាយ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៅថ្ងៃទី៣១ ខែសីហា បានស្រាវជ្រាវរកឃើញសកម្មភាពវាយប្រហាររបស់ក្រុមឧក្រិដ្ឋជន ដោយប្រើប្រាស់មេរោគ Spark RAT ដែលជាមេរោគបញ្ជាពីចម្ងាយ (Remote Access Trojan) ដែលអនុញ្ញាតឱ្យឧក្រិដ្ឋជនលួចគ្រប់គ្រងឧបករណ៍ លួចយកទិន្នន័យ និងពាក្យសម្ងាត់របស់ជនរងគ្រោះពីចម្ងាយ។

បើតាមអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានឱ្យដឹងថា ថ្មីៗនេះក្រុមការងារបច្ចេកទេសបានស្រាវជ្រាវរកឃើញសកម្មភាពវាយប្រហាររបស់ក្រុមឧក្រិដ្ឋជនដោយប្រើប្រាស់មេរោគ Spark RAT ដែលជាមេរោគបញ្ជាពីចម្ងាយ (Remote Access Trojan) អនុញ្ញាតឱ្យឧក្រិដ្ឋជនលួចគ្រប់គ្រងឧបករណ៍ លួចយកទិន្នន័យ និងពាក្យសម្ងាត់របស់ជនរងគ្រោះពីចម្ងាយ។

មេរោគនេះ ត្រូវបានប្រើប្រាស់វាយប្រហារមកលើគោលដៅដែលស្ថិតនៅក្នុងប្រទេសកម្ពុជាដូចជាបុគ្គល និងរូបវន្តបុគ្គលដែលបំពេញភារកិច្ចនៅតាមបណ្តាស្ថាប័នឯកជន និងសាធារណៈ តាមរយៈការប្រើប្រាស់ Phishing Email ដោយមានភ្ជាប់ជាមួយឯកសារដែលមានទម្រង់ដូចឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល រួមមាន៖ ឯកសារសុខាភិបាល អចលនទ្រព្យ និងឯកសារជូនដំណឹងផ្សេងៗ។

ក្រុមការងារជំនាញ បានចែករំលែកវិធានការការពារអ៊ីម៉ែល របស់លោកអ្នក ដូចខាងក្រោម៖

១. សូមត្រួតពិនិត្យ និងដំឡើងកម្រិតសុវត្ថិភាពគណនី អ៊ីម៉ែលលោកអ្នកដោយ កំណត់លេខកូដច្រើនខ្ទង់ និងបើកមុខងារ 2FA

២. សូមត្រួតពិនិត្យប្រភពអ៊ីម៉ែលឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្ត ទាញយកឯកសារ (files) មកប្រើប្រាស់ ដើម្បីចៀសវាងមេរោគឆ្លងចូលលួចទិន្នន័យ

៣. សូមរៀបចំវិធានការបម្រុងទុកទិន្នន័យ (Data Backup)

៤.ប្រសិនបើអ្នកបានទាញយកឯកសារដែលមានប្រភពមិនច្បាស់លាស់ សូមផ្ដាច់អ៊ីនធឺណិតភ្លាមៗ កុំបើកដំណើរការ (Execute/Run) ឯកសារនោះ ហើយធ្វើការលុបចេញពីឧបករណ៍របស់អ្នក។ ជាជំហានបន្ទាប់ សូមស្វែងរកជំនួយបន្ថែមពីអ្នកជំនាញបច្ចេកទេស៕ 

Khcct banner

អត្ថបទទាក់ទង