Swift cc time

ទីតាំង«អានុទីន ឈរគឺក្នុងទឹកដីកម្ពុជា» ផ្អែកលើផែនទី សន្ធិសញ្ញា និងភស្តុតាងបញ្ជាក់យ៉ាងច្បាស់ ខណៈការតវ៉ារបស់កម្ពុជាមានសារៈសំខាន់ផ្នែកច្បាប់

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កម្ពុជាបង្ហាញយ៉ាងច្បាស់ ទីតាំងដែលនាយករដ្ឋមន្រ្តីថៃ អានុទីន ឈរគឺស្ថិតនៅតំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងទឹកដីកម្ពុជា ផ្អែកលើមូលដ្ឋាននៃសំណុំឯកសារដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលកម្ពុជាបានយោងដូចជា អនុសញ្ញា សន្ធិសញ្ញា ផែនទី។

ការតវ៉ារបស់កម្ពុជាក៏មានសារៈសំខាន់ផ្នែកច្បាប់ ព្រោះវាកត់ត្រាយ៉ាងច្បាស់ថា កម្ពុជាមិនយល់ព្រម មិនទទួលស្គាល់ និងមិនអនុញ្ញាតឱ្យវត្តមានរបស់ថៃត្រូវបានយកទៅបកស្រាយនៅពេលក្រោយថា កម្ពុជាបានទទួលយកស្ថានភាពនោះទេ។ កម្ពុជាបានបង្ហាញគោលជំហរផ្លូវការដាច់ខាតមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយប្រើប្រាស់កម្លាំងឡើយ។

រូបភាពនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល ឈរនៅតំបន់អានសេះ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ អាចត្រូវបានប្រើដើម្បីបង្ហាញពីវត្តមានរបស់មន្ត្រីជាន់ខ្ពស់ថៃនៅទីនោះ។ ប៉ុន្តែរូបភាពមួយសន្លឹកមិនអាចកំណត់អធិបតេយ្យភាពបានទេ។

មូលដ្ឋានគតិយុត្តដែលកម្ពុជាយោងក្នុងបញ្ហាព្រំដែននេះ មានប្រភពពីអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ការងាររបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ផែនទីខ្នាត ១:២០០.០០០ ដែលពាក់ព័ន្ធនឹងដំណើរការកំណត់ព្រំដែននោះ និងឯកសារព្រំដែនពាក់ព័ន្ធ។

អ្វីដែលគួរឱ្យកត់សម្គាល់ជាពិសេស គឺសូម្បីតែផែនទីស៊េរី L7017 ខ្នាត ១:៥០.០០០ ដែលភាគីថៃប្រើប្រាស់ដោយឯកតោភាគី ហើយដែលកម្ពុជាមិនទទួលស្គាល់ជាមូលដ្ឋានគតិយុត្តសម្រាប់ការកំណត់ព្រំដែន ក៏បង្ហាញទីតាំងដែលត្រូវបានសម្គាល់ថាជាទីតាំងដំណើររបស់នាយករដ្ឋមន្ត្រីថៃ ស្ថិតនៅខាងកម្ពុជានៃខ្សែដែលបង្ហាញលើផែនទីនោះដែរ។

នៅពេលយកខ្សែព្រំដែនដែលកម្ពុជាយោងពីផែនទីខ្នាត ១:២០០.០០០ មកផ្ទៀងផ្ទាត់ជាមួយផែនទី L7017 និងទីតាំងជាក់ស្តែងដែលបានសម្គាល់លើរូបភាពផ្កាយរណប ទីតាំងនោះត្រូវបានបង្ហាញនៅខាងកម្ពុជានៃខ្សែទាំងពីរ។ ដូច្នេះ បញ្ហាដែលភាគីថៃត្រូវឆ្លើយមិនមែនថា នាយករដ្ឋមន្ត្រីថៃបានទៅដល់ទីនោះដោយរបៀបណាទេ ប៉ុន្តែតើមានផែនទី សន្ធិសញ្ញា ឬមូលដ្ឋានគតិយុត្តណាដែលអាចបង្ហាញថាទីតាំងនោះស្ថិតក្រោមអធិបតេយ្យភាពថៃ?

បើភាគីថៃអះអាងថាទីតាំងនោះជាទឹកដីថៃ នោះភាគីថៃត្រូវបង្ហាញមូលដ្ឋានគតិយុត្តដែលគាំទ្រការអះអាងរបស់ខ្លួននោះ។ ការអះអាងតែមាត់ទទេដោយគ្មានមូលដ្ឋានគតិយុត្ត មិនអាចយកជាការបានឡើយ ហើយក៏ការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់មិនមែនក្លាយជាស្របច្បាប់ ដោយសារតែវាត្រូវបាននិយាយម្តងហើយម្តងទៀតឡើយ។ ការដែលមន្ត្រីជាន់ខ្ពស់នៃប្រទេសមួយអាចទៅឈរនៅទីតាំងណាមួយ មិនមានន័យថាទីតាំងនោះជាទឹកដីរបស់ប្រទេសនោះទេ ហើយត្រូវបែងចែកឱ្យច្បាស់រវាងការកាន់កាប់ទឹកដីដោយខុសច្បាប់ និងសិទ្ធិអធិបតេយ្យភាពតាមច្បាប់។

សេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏បានបញ្ជាក់ថា ការរៀបចំក្រោមសេចក្តីថ្លែងការណ៍នោះ មិនធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមា និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ ហើយបានប្រគល់ភារកិច្ចឱ្យ JBC បន្តការវាស់វែង និងខណ្ឌសីមា។

ទីតាំងដែលលោក អនុទីន ឈរ ត្រូវវាស់តាមផែនទី និងឯកសារព្រំដែន មិនមែនវាស់តាមទង់ជាតិ ឬវត្តមានយោធាឡើយ។ ការគ្រប់គ្រងជាក់ស្តែងមិនស្មើនឹងអធិបតេយ្យភាពតាមច្បាប់ ហើយស្ថានភាពដែលបង្កើតដោយឯកតោភាគី មិនអាចជំនួសដំណើរការខណ្ឌសីមាដែលភាគីទាំងពីរបានព្រមព្រៀងបានឡើយ។

ប្រសិនបើថៃអះអាងថាទីតាំងដែលលោក អនុទីន ឈរនោះជាទឹកដីថៃ ចម្លើយមិនអាចជារូបថតរបស់នាយករដ្ឋមន្ត្រី ទង់ជាតិ កុងតឺន័រ ឬកងទ័ពបានទេ។ ចម្លើយត្រូវតែជាមូលដ្ឋានគតិយុត្ត ផែនទី និងឯកសារព្រំដែនដែលអាចផ្ទៀងផ្ទាត់បាន។ ហើយការដោតទង់ជាតិ ការដាក់កម្លាំងយោធា ឬការកែប្រែស្ថានភាពដើមតាមរយៈសកម្មភាពសាងសង់ផ្សេងៗ ក៏មិនអាចផ្លាស់ប្តូរអធិបតេយ្យភាពតាមច្បាប់បានឡើយ៕

Khcct banner

អត្ថបទទាក់ទង