ភ្នំពេញ៖ ពិធីចែកពានរង្វាន់នៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានប្រព្រឹត្តទៅនាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ផលិតករ អ្នកជំនាញ និងសិល្បករ-សិល្បការិនីជាតិ និងអន្តរជាតិប្រមាណ ៦០០ នាក់។ មហោស្រពនេះ បានក្លាយជាវេទិកាអន្តរជាតិដ៏សំខាន់ក្នុងការប្រមូលផ្តុំ និងផ្សព្វផ្សាយស្នាដៃភាពយន្តចម្រុះក្នុងតំបន់។
ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០២២ មហោស្រពភាពយន្តកម្ពុជាអាស៊ីបានក្លាយជាវេទិកាអន្តរជាតិដ៏សំខាន់ក្នុងការប្រមូលផ្តុំ និងផ្សព្វផ្សាយស្នាដៃភាពយន្តចម្រុះក្នុងតំបន់ ព្រមទាំងបើកឱកាសឱ្យអ្នកផលិតភាពយន្ត អ្នកដឹកនាំរឿង និងអ្នកជំនាញបានផ្លាស់ប្តូរទស្សនៈ បង្កើតបណ្តាញទំនាក់ទំនង និងស្វែងរកកិច្ចសហការផលិតរួមគ្នា។ កម្មវិធីនេះក៏មានកិច្ចពិភាក្សាស៊ីជម្រៅស្តីពីការអភិវឌ្ឍឧស្សាហកម្មភាពយន្ត ដើម្បីដោះស្រាយបញ្ហាប្រឈម និងកសាងប្រព័ន្ធអេកូឡូស៊ីភាពយន្តប្រកបដោយបរិយាបន្ន ចីរភាព និងរក្សាបាននូវអត្តសញ្ញាណជាតិ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា «ទេសចរណ៍ភាពយន្ត កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចសកល ដែលជំរុញឱ្យរាជរដ្ឋាភិបាលបង្កើតក្រុមការងារអន្តរក្រសួងដើម្បីគាំទ្រ និងសម្របសម្រួលវិស័យនេះ។ អំណាចទន់នៃសិល្បៈភាពយន្តត្រូវបានចាត់ទុកជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយពីសម្រស់ធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីកម្ពុជាទៅកាន់ពិភពលោក ដែលមិនត្រឹមតែលើកកម្ពស់កិត្យានុភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញភ្ញៀវទេសចរ បង្កើតការងារ និងបង្កើនប្រាក់ចំណូលផ្ទាល់ដល់សហគមន៍មូលដ្ឋាន តាមរយៈសេវាកម្មស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន និងផលិតផលវប្បធម៌នានា។»
គួរបញ្ជាក់ថា ការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី គឺជាកិច្ចសហការដោយគណ:កម្មការរៀបចំមហោស្រពកម្ពុជាអាស៊ីមានមូលដ្ឋាននៅប្រទេស និងនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ ក្រោមការគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៕