ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ ខែសីហានេះ បានដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទឈ្មោះ Kapea Scams ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ អាចរាយការណ៍អំពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឬករណីសង្ស័យថាខ្លួនត្រូវបានគេក្លែងបន្លំពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
បើតាមលោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា កម្មវិធី Kapea Scams នេះបង្ហាញអំពីគន្លឹះ និងមុខងារសំខាន់ៗ នៃការការពារខ្លួនពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងនោះរួមមាន ការក្រើនរំលឹក ឬភ្លេចស្មារតីដល់សាធារណជន នូវលេខទូរសព្ទដែលសមត្ថកិច្ចកំណត់ថា ពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬបទល្មើសផ្សេងៗ (Alert) រួមទាំងបិទការហៅចូលដោយស្វ័យប្រវត្តិ នូវលេខទូរសព្ទដែលសមត្ថកិច្ចកំណត់ថាពាក់ព័ន្ធ ទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬបទល្មើសផ្សេងៗ (Block Call)។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់បន្ថែមថា កម្មវិធី Kapea Scams ក៏ជួយផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធការវិវឌ្ឍន៍ និងកលល្បិចឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ និងជាមធ្យោបាយមួយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ អាចរាយការណ៍គ្រប់ករណីដែលសង្ស័យជាអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅកាន់សមត្ថកិច្ចជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឆាប់រហ័ស និងឈានទៅចាត់វិធានការបន្ទាន់ភ្លាមៗ។
សូមបញ្ជាក់ថា កម្មវិធី "Kapea Scams” ត្រូវប្រើលើទូរសព្ទចល័តជាទម្រង់ Mobile App ដែលអនុញ្ញាតឱ្យ សាធារណជនទាញយកតាម App Store និង Play Store (សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS និង Android) ដើម្បីដំឡើងប្រើប្រាស់សាកល្បងរយៈពេល ៣ខែ ហើយនឹងឈានទៅដាក់ដំណើរការជា ផ្លូវការនាពេលខាងមុខ៕