ភ្នំពេញ៖ លោកស្រី Baroness Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៃក្រសួងការបរទេស កុំមិនវែល និងអភិវឌ្ឍន៍ ព្រីតថេន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តជួយ និងផ្ដល់ការគាំទ្រដល់ជនភៀសសឹក ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេស ការបន្តគាំទ្រ និងធានាឱ្យកុមារទទួលបានការអប់រំ ក្នុងអំឡុងពេលផ្លាស់ទីលំនៅដោយសារជម្លោះនេះផងដែរ។ លោកស្រីរដ្ឋមន្រ្តីបានបញ្ជាក់ថា ព្រីតថេននឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។
ក្នុងឱកាសនៃជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោកស្រីរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងព្រីតថេន និងកម្ពុជា។ លោកស្រីបានសម្តែងនូវការពេញចិត្តចំពោះការបើកចំហ និងឆន្ទៈមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរដើម្បីស្វែងរកកាលានុវត្តភាព និងសក្តានុពលថ្មីៗ។ ក្នុងឱកាសនោះដែរ លោកស្រីបានបញ្ជាក់ជាថ្មីថា ព្រីតថេននឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ ព្រមទាំងបានសម្ដែងនូវការអរគុណចំពោះរដ្ឋាភិបាលព្រីតថេន ដែលផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅបន្តការសិក្សានៅព្រីតថេន។ សម្ដេចធិបតី បានចាត់ទុកដំណើរទស្សនកិច្ចការងាររបស់លោកស្រីមកកាន់កម្ពុជានាឱកាសនេះ គឺជាការបន្តរិតចំណងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត។
សម្ដេចធិបតី ក៏បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការជាច្រើន ដែលប្រទេសទាំងពីរបានសហការគ្នា និងបានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនបន្ថែមទៀត។ សម្តេចធិបតី ក៏បានអរគុណចំពោះលោកស្រីរដ្ឋមន្រ្តីដែលបានធ្វើទស្សនកិច្ចនៅតំបន់រស់នៅរបស់ជនភៀសសឹកកម្ពុជា ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។
មុននឹងបញ្ចប់, សម្តេចធិបតី បានជម្រាបលោកស្រីរដ្ឋមន្រ្តី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕