Swift cc time

កម្ពុជា និងព្រីតថេន ចុះMOU សហការគ្នាពង្រឹងការសិក្សានៅកម្ពុជា និងឱកាសអាហារូបករណ៍

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ប្រភពរូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ៖ កម្ពុជា និងព្រីតថេន នាថ្ងៃទី២៧ សីហានេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសហការភាពជាដៃគូវិស័យអប់រំរវាងប្រទេសទាំងពីរ។ ការសហការនេះ នឹងផ្តោតលើវិស័យអប់រំកម្រិតបឋមសិក្សា ឧត្តមសិក្សា កម្មវិធីអាហារូបករណ៍ និងភាពជាដៃគូ។

នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយលោកស្រីBaroness Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្ដីពីកិច្ចសហការភាពជាដៃគូវិស័យអប់រំ។ តាមរយៈការចុះ MOU នេះ ភាគីទាំងពីរនឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យ ១) ការអប់រំបឋមសិក្សា ២) កិច្ចសហការឧត្តមសិក្សា និងភាពជាដៃគូរវាងស្ថាប័ន និង ៣) កម្មវិធីអាហារូបករណ៍ និងភាពជាដៃគូ។

លោកស្រីBaroness Winterton បានលើកឡើងថា នៅពេលយើងនិយាយអំពីការអប់រំ យើងតែងតែនឹកឃើញដល់សាលារៀន សាកលវិទ្យាល័យ សញ្ញាបត្រ និងជំនាញ ប៉ុន្តែតាមពិត ខ្លឹមសារសំខាន់នៃការអប់រំ គឺស្ថិតនៅលើការផ្តល់ «កាលានុវត្តភាព» សម្រាប់ប្រជាជន និងប្រទេសជាតិ។ ក្នុងន័យនេះ ការចុះ MOU ថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដោយផ្អែកលើកិច្ចសហប្រតិបត្តិការជាក់ស្តែង ការគោរពគ្នាទៅវិញទៅមក និងការវិនិយោគលើធនធានមនុស្សកម្ពុជា។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលព្រីតថេន ចំពោះមិត្តភាពដ៏យូរអង្វែង និងការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ជាពិសេសលើវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស ជំនាញ និងជំនួយមនុស្សធម៌នាពេលកន្លងមក ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តកិច្ចសន្ទនាឱ្យបានទៀងទាត់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែមានប្រសិទ្ធភាព សំដៅបំប្លែងការប្តេជ្ញាចិត្តរួមគ្នាឱ្យទៅជាសកម្មភាពជាក់ស្តែង ការពង្រឹងស្ថាប័ន កាលានុវត្តភាពសម្រាប់យុវជន និងផលប្រយោជន៍ជាជាក់ស្តែងជូនដល់ប្រជាជននៃប្រទេសទាំងពីរ៕

Khcct banner

អត្ថបទទាក់ទង