សៀមរាប៖ រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៃព្រីតថេន (ចក្រភពអង់គ្លេស) លោកស្រី Baroness Winterton បានជួប និងពិនិត្យមើលសកម្មភាពកំចាត់មីននៅកម្ពុជា។ ក្នុងទស្សនកិច្ចនេះ លោកស្រីបានទស្សនកិច្ចផ្ទាល់នៅទីតាំងចំនួន២ រួមមាន អង្គការ The HALO Trust និង APOPO នៅខេត្តសៀមរាប។
បើតាមស្ថានទូតព្រីតថេននៅកម្ពុជា នៅ The HALO Trust លោកស្រីបានឃើញពីរបៀបដែលការបោសសម្អាតមីនអាចបើកផ្លូវទៅរកឱកាសថ្មីៗ។ ក្នុងឆ្នាំ ២០២៥ ដីដែលត្រូវបានបោសសម្អាតពីមីនទូទាំងប្រទេសកម្ពុជា បានបង្កើតចំណូលជាង ១,៣ លានដុល្លារអាមេរិក។ បន្ថែមពីនេះ នៅ APOPO កណ្តុរវីរបុរសបានចាប់ផ្តើមជួយស្វែងរកមីននៅកម្ពុជាតាំងពីឆ្នាំ ២០១៦ ដោយជួយដោះដីយកមកប្រើប្រាស់សម្រាប់ការដាំដុះដោយសុវត្ថិភាព និងជួយបង្កើនប្រាក់ចំណូលរបស់កសិករ។
គួររម្លឹកថា នៅខែឧសភាកន្លងទៅ ព្រីតថេនបានប្រកាសផ្តល់ថវិកាបន្ថែមចំនួន ១.៦ លានផោន សម្រាប់ការដោះមីន និងការអប់រំអំពីហានិភ័យមីននៅកម្ពុជា ដែលនឹងជួយសម្អាតដីមានមីនប្រមាណជិត ១.៩៤ លានម៉ែត្រការ៉េ និងគាំទ្រគោលដៅរបស់កម្ពុជាក្នុងការក្លាយ ជាប្រទេសរួចផុតពីផលប៉ះពាល់ដោយសារមីនត្រឹមឆ្នាំ ២០៣០។
គួរបញ្ជាក់ថា លោកស្រី Baroness Winterton បានមកដល់កម្ពុជាកាលពីថ្ងៃទី២៥ សីហា ២០២៦ ដើម្បីបំពេញទស្សនកិច្ច។ ដើមដំបូង លោកស្រីបានធ្វើដំណើរទៅខេត្តសៀមរាប និងឧត្តរមានជ័យ ដើម្បីបានឃើញដោយផ្ទាល់ពីស្ថានភាពពលរដ្ឋកម្ពុជានៅតាមព្រំដែន និងពីរបៀបដែលព្រីតថេនអាចគាំទ្រ ជួយកុមារដែលរងផលប៉ះពាល់ដោយជម្លោះថ្មីៗរវាងថៃ និងកម្ពុជា ឱ្យបន្តការសិក្សា និងកសាងជីវិតឡើងវិញ ព្រមទាំងអំពាវនាវឱ្យមានកិច្ចសន្ទនាដោយសន្តិវិធី៕