Swift cc time

កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់«នាយករដ្ឋមន្ត្រីថៃ» ចូលក្នុងទឹកដីកម្ពុជា នៅខេត្តព្រះវិហារ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លាបំផុតចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ ទៅកាន់តំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។ កម្ពុជាសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតនេះ គឺជាការប៉ុនប៉ងដោយចេតនា ដើម្បីអះអាងការទាមទារខុសច្បាប់ លើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលជាតំបន់មួយត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីឆ្នាំមុនមក។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាគូសបញ្ជាក់ថា គ្មានសិទ្ធិស្របច្បាប់ណាមួយអាចកើតចេញពីទង្វើ ខុសច្បាប់នេះបានឡើយ។ ដូច្នេះ ការកាន់កាប់ដោយខុសច្បាប់លើដែនដីអធិបតេយ្យរបស់កម្ពុជា មិនអាចធ្វើ ឱ្យមានភាពស្របច្បាប់ តាមរយៈការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនេះបានឡើយ។

ដំណើរទស្សនកិច្ចនេះ គឺស្មើនឹងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើដែនដីអធិបតេយ្យរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត ១:២០០,០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាង ឥណ្ឌូចិន និងសៀម និងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការ ព្រំដែនទូទៅ(GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានហាមឃាត់យ៉ាងច្បាស់នូវសកម្មភាពបង្កហេតុ ដែលអាចបង្កើនភាពតានតឹងតាមបណ្ដោយព្រំដែន។

រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ទាំងផែនទីដែលគូស ដោយឯកតោភាគី ឬដំណើរទស្សនកិច្ចណាមួយដែលផ្អែកលើផែនទីបែបនេះ មិនអាចផ្លាស់ប្តូរខ្សែព្រំដែន ដែល ទទួលស្គាល់ជាអន្តរជាតិបានឡើយ។ រាជរដ្ឋាភិបាលកម្ពុជាក៏សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការ ទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ។ ដំណើរទស្សនកិច្ចខាងលើនេះ មិនប៉ះពាល់ដល់សិទ្ធិ ស្របច្បាប់ ឬជំហររបស់កម្ពុជា ទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យថៃបញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ដែលបានរៀបរាប់ខាងក៏ ដូចជានៅតំបន់ផ្សេងទៀត ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុនដើម្បី បន្ធូបន្ថយស្ថានការណ៍ ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក សម្រួលដល់ការដោះស្រាយ ដោយសន្តិវិធី សំដៅស្តារសន្តុិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕

Khcct banner

អត្ថបទទាក់ទង