Swift cc time

រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៃព្រីតថេន (ចក្រភពអង់គ្លេស) នឹងចុះទៅមើលព្រំដែនកម្ពុជា-ថៃ ដើម្បីជំរុញឱ្យមានកិច្ចសន្ទនាដោយសន្តិវិធី

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

លោកស្រី Rosie Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៃព្រីតថេន នៅថ្ងៃទី២៥សីហានេះ បានអញ្ជើញមកបំពេញទស្សនកិច្ចលើកដំបូងនៅកម្ពុជា ហើយក្នុងអំឡុងទស្សនកិច្ចនេះ លោកស្រីរដ្ឋមន្ត្រី នឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាប និងឧត្តរមានជ័យ ដើម្បីបានឃើញដោយផ្ទាល់ស្ថានភាពពលរដ្ឋកម្ពុជានៅតាមព្រំដែន និងពីរបៀបដែលព្រីតថេនអាចគាំទ្រ ជួយកុមារដែលរងផលប៉ះពាល់ដោយជម្លោះថ្មីៗរវាងថៃ និងកម្ពុជា ឱ្យបន្តការសិក្សា និងកសាងជីវិតឡើងវិញ ព្រមទាំងអំពាវនាវឱ្យមានកិច្ចសន្ទនាដោយសន្តិវិធី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលស៊ីស៊ីថាមស៍ ទទួលបានពីស្ថានទូតព្រីតថេន (ចក្រភពអង់គ្លេស)។

លោកស្រីរដ្ឋមន្ត្រី នឹងចុះទស្សនកិច្ចកម្មវិធីអប់រំដែលទទួលការឧបត្ថម្ភថវិកាពីព្រីតថេន សម្រាប់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបន្តការគាំទ្ររយៈពេលជាងបី ទសវត្សរ៍របស់ព្រីតថេនក្នុងវិស័យដោះមីនមនុស្សធម៌។ លោកស្រីក៏នឹងអញ្ជើញទៅរាជធានីភ្នំពេញ ដើម្បីជួបពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា អំពីពាណិជ្ជ កម្ម និងការវិនិយោគ កិច្ចអភិវឌ្ឍន៍ និងសិទ្ធិមនុស្ស។

ក្នុងអំឡុងទស្សនកិច្ចនេះ លោកស្រីរដ្ឋមន្ត្រីនឹងធ្វើដំណើរទៅកាន់ខេត្តឧត្តរមានជ័យ ភាគខាងជើងប្រទេសកម្ពុជា ដែលព្រីតថេន កំពុងធ្វើការជាដៃគូជាមួយអង្គការកម្ពុជា ដើម្បីគាំទ្រសហគមន៍មូលដ្ឋាន ស្របតាមវិធីសាស្រ្ត អភិវឌ្ឍន៍ទំនើបរបស់ព្រឹតថេន។ ក្នុងការចុះទស្សនកិច្ចនៅឃុំកោកប្រាសាទ លោកស្រីនឹងបានឃើញដោយផ្ទាល់ពី របៀបដែលការគាំទ្ររបស់ព្រីតថេនជួយកុមារដែលរងផលប៉ះពាល់ដោយជម្លោះថ្មីៗរវាងថៃ និងកម្ពុជា ឱ្យបន្តការសិក្សា និងកសាងជីវិតឡើងវិញ។ ទស្សនកិច្ចនេះក៏នឹងគូសបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំរបស់ព្រីតថេនចំពោះ សន្តិភាពប្រកបដោយចីរភាព និងការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់ដែលបានព្រមព្រៀងគ្នានៅខែធ្នូ ឆ្នាំ២០២៥។

លោកស្រីរដ្ឋមន្ត្រីក៏នឹងជួបជាមួយអ្នកជំនាញដោះមីនពីអង្គការសប្បុរសធម៌ HALO Trust និង Apopo ផង ដែរ។ ព្រីតថេនបានគាំទ្រការដោះមីន និងការស្ដារឡើងវិញផ្នែកមនុស្សធម៌នៅកម្ពុជារយៈពេលជាងបីទសវត្សរ៍មកហើយ ដោយបានសម្អាតផ្ទៃដីស្មើនឹងទីលានបាល់ទាត់ចំនួន ២២៤០០ តាំងពីឆ្នាំ ២០១៤ និងបានប្រគល់ដីទាំង នោះត្រឡប់ទៅសម្រាប់ការប្រើប្រាស់ប្រកបដោយផលិតភាពវិញ។

គួររម្លឹកថា នៅខែឧសភាកន្លងទៅ ព្រីតថេនបានប្រកាសផ្តល់ថវិកាបន្ថែមចំនួន ១.៦ លានផោន សម្រាប់ការដោះមីន និងការអប់រំអំពីហានិភ័យមីននៅកម្ពុជា ដែលនឹងជួយសម្អាតដីមានមីនប្រមាណជិត ១.៩៤ លានម៉ែត្រការ៉េ និងគាំទ្រគោលដៅរបស់កម្ពុជាក្នុងការក្លាយ ជាប្រទេសរួចផុតពីផលប៉ះពាល់ដោយសារមីនត្រឹមឆ្នាំ ២០៣០៕

Khcct banner

អត្ថបទទាក់ទង