Swift cc time

SDF និងវិស័យឯកជន រួមគ្នាកំណត់ជំនាញអាទិភាព ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សស្របតាមតម្រូវការឧស្សាហកម្ម

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ SDF បានរៀបចំ «សិក្ខាសាលាស្ដីពីការផ្ទៀងផ្ទាត់ក្រុមជំនាញអាទិភាព សម្រាប់តម្រូវការឧស្សាហកម្មនាពេលបច្ចុប្បន្ន និងអនាគត» នាថ្ងៃទី២៤ ខែសីហានេះ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដោយមានការចូលរួមពីតំណាងសមាគមឧស្សាហកម្មប្រមាណ ៧០ នាក់ មកពីវិស័យអាទិភាព រួមមាន កម្មន្តសាល, កសិ-ឧស្សាហកម្ម, យានយន្ត, អេឡិចត្រូនិក, ថាមពលស្អាត, ភស្តុភារកម្ម និងបច្ចេកវិទ្យាឌីជីថល។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញ និងផ្ទៀងផ្ទាត់ពីតម្រូវការព្រមទាំងគម្លាតជំនាញជាក់ស្តែង ប្រមូលអនុសាសន៍សំខាន់ៗដើម្បីតម្រង់ទិសការវិនិយោគលើការអភិវឌ្ឍធនធានមនុស្សឱ្យចំគោលដៅ ព្រមទាំងលើកទឹកចិត្តដល់វិស័យឯកជន ឱ្យចូលរួមកាន់តែសកម្មក្នុងការរួមគ្នារៀបចំ និងសហវិនិយោគលើការបណ្តុះបណ្តាលបុគ្គលិក និងគ្រូបង្គោល ទាំងក្នុងស្រុក និងក្រៅប្រទេស។

ថ្លែងក្នុងឱកាសនោះ លោក គី សុខគីម នាយកប្រតិបត្តិ SDF បានគូសបញ្ជាក់ថា លទ្ធផលដែលទទួលបានពីក្រុមហ៊ុន-សហគ្រាស នឹងក្លាយជាមូលដ្ឋានដ៏មានសារៈសំខាន់សម្រាប់ SDF ក្នុងការកំណត់កម្មវិធីគាំទ្រជាយុទ្ធសាស្ត្រឱ្យកាន់តែច្បាស់លាស់ ពាក់ព័ន្ធ និងឆ្លើយតបបានទាន់ពេលវេលា ទៅនឹងការវិវត្តនៃឧស្សាហកម្មកម្ពុជា ដែលកំពុងផ្លាស់ប្តូរឆ្ពោះទៅឧស្សាហកម្មផ្អែកលើជំនាញ, បច្ចេកវិទ្យា និងមូលធន។

ទន្ទឹមគ្នានេះ លោកបានគូសបញ្ជាក់ពីសមិទ្ធផលរួមចាប់ពីឆ្នាំ២០១៨ ដល់សីហា ឆ្នាំ២០២៦ ដែល SDF បានគាំទ្រការបណ្តុះបណ្តាលសិក្ខាកាមសរុប ១០១ ២៦៤ នាក់ (ស្ត្រី ៣៤%) ដោយសម្រេចបានអត្រាពេញចិត្តពីនិយោជក ៨៩% ព្រមទាំងជួយឱ្យប្រាក់បៀវត្សបុគ្គលិកកើនឡើងជាមធ្យម ២៧% ក្រោយបញ្ចប់ការបណ្តុះបណ្តាល។ ផ្អែកតាមការវាយតម្លៃផលជះ ៨៩% នៃសហគ្រាសបានរាយការណ៍ពីការកើនឡើងផលិតភាព ហើយ ៨៣% នៃសហគ្រាសបានបញ្ជាក់ពីការទទួលបានផលត្រឡប់ជាវិជ្ជមានពីការវិនិយោគ (Return on Investment) ក្រោយទទួលបានការបណ្តុះបណ្តាលដែលគាំទ្រដោយ SDF។

បន្ថែមពីលើនេះ ក្នុងឆ្នាំ២០២៦ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការអន្តរជាតិខាងការងារ (ILO) និងគ្រឹះស្ថានបណ្តុះបណ្តាលអន្តរជាតិ SDF បានគាំទ្រការបណ្តុះបណ្តាលគ្រូបង្គោលចំនួន ៥ វគ្គ ដែលមានសិក្ខាកាមសរុប ១៣៦ នាក់ មកពីក្រុមហ៊ុនឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាល នៅប្រទេសចិនលើជំនាញ Digital Construction, Industrial Robotics, New Energy Vehicle Technology, Advanced EV Maintenance និង Electrician។

ធាតុចូល និងមតិយោបល់ដែលទទួលបានពីសិក្ខាសាលានេះ នឹងជួយពង្រឹង និងពង្រីកកម្មវិធីគាំទ្ររបស់ SDF ដើម្បីចូលរួមដោះស្រាយបញ្ហាកង្វះជំនាញទាំងគុណភាព និងបរិមាណសម្រាប់វិស័យឧស្សាហកម្មគន្លឹះៗរបស់កម្ពុជា៕


Khcct banner

អត្ថបទទាក់ទង