ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី២៥ សីហា បានប្រកាសពីការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់ ខណៈសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក បានបញ្ជាក់ជាបន្តបន្ទាប់ពីស្ថានភាពភ្លៀងធ្លាក់ច្រើននៅកម្ពុជា ដែលអាចបង្កើតជាជំនន់ទឹកភ្លៀង រហ័សនៅតាមតំបន់ទំនាប ព្រមទាំងជំរុញឱ្យទឹកស្ទឹង ព្រែក ទន្លេ ហក់ឡើងខ្ពស់ បង្កជាគ្រោះទឹកជំនន់ ដែលអាច ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិតប្រជាជន។
ក្រសួងសុខាភិបាល បានណែនាំនូវវិធានការត្រៀមមុនពេលទឹកជំនន់ ដោយឱ្យពលរដ្ឋត្រូវតាមដានស្ថានភាពទឹកជំនន់ ត្រៀមទីទួលសុវត្ថិភាព និងបម្រុងទុកស្បៀងអាហារ និងឱសថសង្គ្រោះបន្ទាន់។ ត្រូវធ្វើរបងព័ទ្ធ ឬបោះបង្គោលចំណាំជុំវិញស្រះ ឬកន្លែងដែលមានទឹកជ្រៅ ត្រូវថែរក្សាបរិស្ថានជុំវិញផ្ទះ ឱ្យបានស្អាត និងសាងសង់បង្គន់ឱ្យបានខ្ពស់ ដើម្បីការពារទឹកជំនន់។
ជាពិសេសកំឡុងពេលមានទឹកជំនន់ ក្រសួងបានណែនាំដូចជា សុវត្ថិភាពស្នាក់នៅ និងអគ្គិសនី៖ មិនត្រូវចូលទៅក្នុងផ្ទះ ឬអគារទ្រុឌទ្រោម ព្រោះអាចស្រុតបាក់។ មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើមឬកំពុងឈរនៅក្នុងទឹកជាដាច់ខាត។ ការការពារជំងឺ៖ ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈឺក និងជំងឺផ្សេងៗ ។ ត្រូវងូតទឹកដុះសាប៊ូ ឱ្យបានស្អាត ដើម្បីបង្ការជំងឺសើស្បែក ពងទឹក កមរមាស់។ សុខភាពមាតា និងទារក៖ ស្ត្រីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមកាលកំណត់ បើស្ត្រីជិតដល់ ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។ ត្រូវនាំកូនៗ ទៅចាក់ថ្នាំបង្ការតាមការកំណត់ និងត្រូវផ្តល់អាហារដោយរក្សាអនាម័យ។
ការគាំទ្រជនងាយរងគ្រោះ៖ ត្រូវយកចិត្តទុកដាក់ជួយមនុស្សចាស់ កុមារ និងជនពិការភាព ដោយ ត្រៀម ឈើច្រត់ រទេះរុញ ឬឱសថដែលពួកគាត់កំពុងប្រើប្រាស់ជាប្រចាំ។ សុវត្ថិភាពការធ្វើដំណើរ៖ ការធ្វើដំណើរតាមទូកឬការណូត មិនត្រូវដាក់មនុស្សហួសកម្រិតឡើយ។ ការធ្វើដំណើរពេលយប់ត្រូវមានភ្លើងបំភ្លឺ និងត្រូវមានអាវពោងសុវត្ថិភាពជានិច្ច។ ការបង្ការសត្វអសិរពិស៖ ត្រូវប្រុងប្រយ័ត្នពស់ចឹក ដោយពិនិត្យឱ្យបានត្រឹមត្រូវមុនទៅកាន់ទីទួល សុវត្ថិភាព ឬគំនរឈើ។ ធ្វើដំណើរពេលយប់ ត្រូវស្លៀកខោជើងវែង និងពាក់ស្បែកជើងកវែង។ ករណី មានពស់ចឹក ឬសត្វអសិរពិសទិច ឬខាំត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅ ជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យ និងព្យាបាល។
អនាម័យចំណីអាហារនិងទឹកស្អាត៖ ត្រូវ ទទួលទានទឹកស្អាត ដោយប្រើធុងចម្លោះ ឬដាំទឹកឱ្យពុះ ឬ ប្រើថ្នាំក្លរីន ឬក្លរ៉ាមីន ៥០០មក្រ ចំនួនពីរគ្រាប់អាចលាយទឹក ២០លីត្រ រួចទុករយៈពេល ៣០នាទីមុន ប្រើប្រាស់ ដើម្បីចៀសវាង នូវជំងឺផ្សេងៗ ដូចជា ជំងឺរាក ជំងឺរាកមូល ពុលចំណីអាហារ ឬជំងឺផ្លូវដង្ហើម ស្រួចស្រាវ និងជំងឺដទៃផ្សេងទៀត។ ត្រូវលាងសម្អាតបន្លែ ផ្លែឈើ ចម្អិនអាហារឱ្យបានឆ្អិនល្អ និងគ្រប អាហារឱ្យបានជិតល្អ។ លាងសម្អាតដៃជាមួយសាប៊ូ ឱ្យបានញឹកញាប់ មុននិងក្រោយបរិភោគអាហារ និង ក្រោយចេញពីបង្គន់។
សម្រាប់ក្រោយពេកទឹកជំនន់ ត្រូវបន្តរក្សាអនាម័យ បរិភោគចំណីអាហារ និងទឹកស្អាត រួមទាំងសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺ ដែលបានរៀបរាប់ខាងលើ និងអនាម័យខ្លួនប្រាណឱ្យបានស្អាត ដើម្បីចៀសវាងនូវជំងឺផ្សេងៗ។ ពិនិត្យមើលផ្ទះក្រែងមានបាក់ស្រុតនិងប្រុងប្រយ័ត្នសត្វអសិរពិសដែលបង្កប់ខ្លួន។ ធ្វើអនាម័យបរិស្ថានជុំវិញ និងក្នុងផ្ទះ ចៀសវាងនូវការដក់ទឹកនាំឱ្យកើតមូសខ្លា និងមូសដែកគោល ដែលអាចបង្កឱ្យមានជំងឺគ្រុនឈាម និងគ្រុនចាញ់ ត្រូវស្តារ និងសម្អាតអណ្តូងទឹកឡើងវិញមុននឹង ប្រើប្រាស់ ព្រមទាំងជួសជុលបង្គន់និងបន្ទោរបង់ក្នុងបង្គន់គ្រប់ពេល។ នៅគ្រប់ដំណាក់កាល ប្រសិនបើលោកអ្នកមានបញ្ហាសុខភាព សូមស្វែងរកការពិគ្រោះ ពិនិត្យ និង ព្យាបាលជំងឺជាបន្ទាន់នៅប៉ុស្តិ៍សុខភាពក្បែរទីទួលសុវត្ថិភាព ឬមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោក អ្នកបំផុត៕