Swift cc time

យូនីសេហ្វ និងក្រុមហ៊ុនអូស៊ីអាយស៊ី ចាប់ដៃគូគ្នាវិនិយោគលើអនាគតរបស់កុមារ និងយុវជនកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ យូនីសេហ្វ និងក្រុមហ៊ុនអូស៊ីអាយស៊ីគ្រុប (OCIC Group) នៅថ្ងៃទី២៤សីហានេះបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារ និងយុវជននៅប្រទេសកម្ពុជា។ ភាពជាដៃគូរយៈពេលច្រើនឆ្នាំនេះ ដែលជាកិច្ចសហការលើកដំបូងបង្អស់រវាងយូនីសេហ្វប្រចាំកម្ពុជា ជាមួយក្រុមហ៊ុនអាជីវកម្មចម្រុះដ៏ធំមួយ មានគោលបំណងទាញយកសក្តានុពល និងចំណុចខ្លាំងរបស់ស្ថាប័នទាំងពីរ ដើម្បីបង្កើតឱ្យមានផលវិជ្ជមាន និងប្រកបដោយចីរភាពសម្រាប់កុមារ គ្រួសារ និងសហគមន៍។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយដោយឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC និង លោកស្រី ដាម៉ាច ម៉ាហា នាយិកាយូនីសេហ្វប្រចាំកម្ពុជា ដែលជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ ពិធីចុះហត្ថលេខានេះក៏មាន លោក ទា ធារី អនុប្រធានក្រុមហ៊ុន OCIC និង លោកស្រី Moiltmaa Sarantuya អ្នកឯកទេសផ្នែកដៃគូសហប្រតិបត្តិការនៃយូនីសេហ្វប្រចាំកម្ពុជា អញ្ជើញចូលរួមជាសក្ខីភាពក្នុងពិធីនេះផងដែរ។

លោកស្រី ដាម៉ាច ម៉ាហា នាយិកាយូនីសេហ្វប្រចាំកម្ពជា បានមានប្រសាសន៍ថា៖ «រាល់ពេលដែលខ្ញុំបានជួបយុវជននៅកម្ពុជា ខ្ញុំតែងតែចាប់អារម្មណ៍ខ្លាំងចំពោះមហិច្ឆតា ភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការកសាងអនាគតដ៏ប្រសើរសម្រាប់ខ្លួនឯង និងសហគមន៍របស់ពួកគេ។ អ្វីដែលពួកគេត្រូវការ គឺឱកាសដើម្បីប្រែក្លាយសក្តានុពលទាំងនោះឱ្យទៅជាការពិត។ នោះហើយជាមូលហេតុដែលខ្ញុំមានសេចក្តីរំភើបយ៉ាងខ្លាំងចំពោះភាពជាដៃគូជាមួយក្រុមហ៊ុន OCIC នាពេលនេះ។ តាមរយៈការរួមបញ្ចូលគ្នារវាងភាពជាអ្នកដឹកនាំក្នុងវិស័យធុរកិច្ច និងឯកទេសរបស់យូនីសេហ្វ យើងអាចជួយបំពាក់បំប៉នយុវជននូវជំនាញ ការគាំទ្រ និងឱកាសដែលពួកគេត្រូវការ ដើម្បីឱ្យពួកគេអាចរីកចម្រើនប្រកបដោយជោគជ័យក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ព្រមទាំងជំរុញការអនុវត្តធុរកិច្ចដែលគោរព និងគាំទ្រដល់សិទ្ធិកុមារផងដែរ»។

ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា៖ «ភាពជាដៃគូនេះបានផ្តល់ឱ្យយើងនូវក្របខណ្ឌការងារយ៉ាងច្បាស់លាស់ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តឱ្យទៅជាសកម្មភាពជាក់ស្តែង ដូចជាការបណ្តុះបណ្តាលវិជ្ជាជីវៈ ការណែនាំតម្រង់ទិស និងឱកាសកម្មសិក្សា និងការបង្កើតគោលនយោបាយកន្លែងធ្វើការដែលអំណោយផលដល់បុគ្គលិកមានគ្រួសារនៅរាល់ប្រតិបត្តិការអាជីវកម្ម និងធុរកិច្ចរបស់យើង។ បន្ថែមពីនេះ វាក៏បើកផ្លូវសម្រាប់ការគាំទ្រដល់គំនិតផ្តួចផ្តើមដែលផ្តោតលើកុមារ និងការប្រែប្រួលអាកាសធាតុផងដែរ។ តាមរយៈកិច្ចសហការជិតស្និទ្ធជាមួយយូនីសេហ្វ យើងអាចពង្រីកវិសាលភាពនៃការជួយជ្រោមជ្រែង ចែករំលែកធនធាន និងជំនាញបច្ចេកទេស ដើម្បីបង្កើតផលជះជាវិជ្ជមានប្រកបដោយចីរភាពសម្រាប់កុមារ និងយុវជននៅទូទាំងប្រទេសកម្ពុជា»។

តាមរយៈអនុស្សរណៈនេះ យូនីសេហ្វ និងក្រុមហ៊ុន OCIC នឹងធ្វើការរួមគ្នាដើម្បីលើកកម្ពស់សិទ្ធិកុមារក្នុងវិស័យធុរកិច្ច និងសហគមន៍ទាំងមូល គាំទ្រការទទួលបានសេវាសង្គមមានគុណភាព និងស្វែងរកគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗដើម្បីជួយឱ្យកុមារ និងយុវជនអភិវឌ្ឍសមត្ថភាពបានពេញលេញ ជាពិសេសក្រុមដែលងាយរងគ្រោះបំផុត ដើម្បីធានាថាការអភិវឌ្ឍផ្ដល់ផលប្រយោជន៍ដល់កុមារ និងគ្រួសារទាំងអស់ដោយឥតរើសអើង។ កិច្ចព្រមព្រៀងនេះក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តចំពោះតម្លៃស្នូលនៃ «សិទ្ធិកុមារ និងគោលការណ៍ធុរកិច្ច» ដែលជាក្របខ័ណ្ឌណែនាំរបស់យូនីសេហ្វសម្រាប់វិស័យឯកជន ក្នុងការស្វែងយល់ និងដោះស្រាយផលប៉ះពាល់នៃសកម្មភាពអាជីវកម្មមកលើសិទ្ធិ និងសុខុមាលភាពរបស់កុមារ។

កិច្ចសហប្រតិបត្តិការនេះនឹងផ្តោតលើវិស័យអាទិភាពសំខាន់ៗមួយចំនួន រួមមាន៖ការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ និងការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ គំនិតផ្តួចផ្តើមដែលគាំទ្រដល់ការអប់រំ និងការចូលរួមរបស់យុវជន ការលើកកម្ពស់គោលនយោបាយកន្លែងធ្វើការដែលគិតគូរដល់គ្រួសារ និងផលិតផលសេវាកម្មដែលគិតគូរដល់កុមារ ការលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមបន្ថែមទៀតក្នុងការបង្កើតសេវាកម្ម និងការអភិវឌ្ឍដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសម្រាប់កុមារ។ បន្ថែមពីនេះ ស្ថាប័នទាំងពីរនឹងស្វែងរកឱកាសដើម្បីពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការរៀបចំផ្លូវអនាគតសម្រាប់យុវជន ដោយបំពាក់បំប៉នពួកគេនូវជំនាញសម្រាប់សតវត្សរ៍ទី២១ ឆ្លើយតបនឹងពិភពការងារនាពេលអនាគត៕


Khcct banner

អត្ថបទទាក់ទង