ព្រះវិហារ៖ មន្ទីរបរិស្ថានខេត្តព្រះវិហារ សហការជាមួយបុគ្គលិកជំនាញមកពីអង្គការ WCS និងរដ្ឋបាលស្រុកត្បែងមានជ័យ ចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ រហូតដល់ពេលនេះ បាននិងកំពុងតាមដានដំណើរ និងស្នាក់នៅរបស់ដំរីព្រៃមួយហ្វូង ចំនួន៦ក្បាល ក្នុងនោះមានកូនតូចចំនួន១ ក្បាល បានដើរចូលមកក្បែរចំណុចព្រៃកែង ស្រោងស្រឡៅ នៅដែនជម្រកសត្វព្រៃឆែប-ព្រះរកា ក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
បន្ទាប់ពីមន្ត្រីជំនាញ បានចុះអង្កេតឃ្លាំមើលជាក់ស្តែង និងប្រើប្រាស់បច្ចេកវិទ្យាដ្រូន ដើម្បីត្រួតពិនិត្យបានរកឃើញហ្វូងសត្វដំរី ស្ថិតនៅចម្ងាយប្រហែល ៣គីឡីម៉ែត្រពីភូមិប្រជាពលរដ្ឋ។ ហ្វូងដំរីខាងលើ បានធ្វើដំណើរនិងរស់នៅ ដោយមិនបង្កបញ្ហាអ្វីជាមួយមនុស្ស នៅចំណុចអូរស្រោងស្រឡៅ ដែលអាចកន្លែងស្នាក់នៅ របស់ពួកវាតែម្តង។ កន្លងមកមានសេចក្តីរាយការណ៍ពី ពលរដ្ឋអំពីការព្រួយបារម្ភ និងការប៉ះពាល់ដំណាំនៅតំបន់នោះមួយចំនួន ប៉ុន្តែមន្ត្រីជំនាញបាននិងកំពុងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំងបានចុះអប់រំដល់ពលរដ្ឋ នៅជុំវិញតំបន់ក្បែរនោះ ឲ្យមានចំណេះដឹង ចូលរួមការពារ និងអភិរក្ស ជៀសវាងការបរបាញ់ មានជម្លោះជាមួយសត្វដំរីព្រៃ ឬដំរីអាស៊ី ដែលប្រភេទសត្វកម្រជិតផុតពូជ និងធានាការរស់នៅរបស់ដំរីព្រៃត្រឡប់ចូលព្រៃវិញ។
សូមបញ្ញ្ជាក់ថា តាមការសិក្សាស្រាវជ្រាវ សត្វដំរីព្រៃ នៅដែនជម្រកសត្វព្រៃឆែប-ព្រះរការ មានចន្លោះពី១៥ក្បាល ទៅ ២០ក្បាល ដែលត្រូវបានយកចិត្តទុកដាក់ និងអភិរក្សខ្លាំងបំផុត។ ដំរីអាស៊ី ជាប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោក តែនៅបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ យោងតាមទិន្នន័យពី ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ នៅក្នុងតំបន់ការពារធម្មជាតិនានា បានរកឃើញថា ដំរីអាស៊ី ឬដំរីព្រៃ បានរស់នៅជាហ្វូង ហើយមានកូនតូចៗជាច្រើនថែមទៀត ដែលមានប្រមាណចន្លោះពី៤០០ ទៅ៦០០ក្បាល៕