ភ្នំពេញ៖ ផ្លូវចំនួន៣ខ្សែនៅខេត្តក្រចេះ រួមមានផ្លូវជាតិលេខ៧៣, ផ្លូវខេត្តលេខ ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A នឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ស្អែកនេះ ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ផ្លូវទាំង៣ខ្សែនេះ បានចំណាយពេលសាងសង់រយៈពេល២១ខែ និងសុពលភាពជួសជុលថែទាំ៥០ខែ។
បើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ ផ្លូវជាតិលេខ៧៣ មានចំណុចចាប់ពីផ្លូវជាតិលេខ៧ ត្រង់ផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដល់ស្ពានកំពង់រាំង ភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានប្រវែងសរុប ៤៩,៨១២ គ.ម ដោយលើកកម្ពស់ និងពង្រីកទទឹងផ្លូវដល់១១ម៉ែត្រ មាន២គន្លងផ្លូវ។
ចំណែក លើកកម្រិតជួសជុល និងថែទាំកំណាត់ផ្លូវខេត្តលេខ ៣៧៧ មានប្រវែងសរុប ៣៥ គ.ម (គ.ម០+៥០០ ដល់គ.ម៣៥+៥០០) ដែលមានចំណុចចាប់ផ្តើមប្រវែង ៥០០ម៉ែត្រ ពីរង្វង់មូលព្រាប ស (ក្រុងក្រចេះ) ស្ថិតនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ទៅដល់វិហារសសរ១០០ (ស្រុកសំបូរ ខេត្តក្រចេះ) និងផ្លូវខេត្តលេខ៣៧៧A មានប្រវែងសរុប ១៣,៥៩៣ គ.ម (គ.ម0+០០០ ដល់គ.ម១៣+៥៩៣) គិតចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ស្ថិតនៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ នៃខេត្តក្រចេះ ដោយស្ថាបនាក្រាលកៅស៊ូប្រភេទបេទីមីណឺ (AC) កម្រាស់ ៥ សម។
គួរបញ្ជាក់ថា ផ្លូវទាំង៣ខ្សែនេះសាងសង់រយៈពេល២១ខែ និងសុពលភាពជួសជុលថែទាំ៥០ខែ ដោយត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ កាលបរិច្ឆេទចាប់ផ្តើមសាងសង់ផ្លូវជាតិលេខ៧៣ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ និងបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ កាលបរិច្ឆេទចាប់ផ្តើមសាងសង់ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ និងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥៕