Swift cc time

ប្រាសាទព្រៃមន្ទីរ៖ សំណង់ប្រវត្តិសាស្ត្រនៃរាជធានីបុរាណក្នុងបរិស្ថានធម្មជាតិដ៏ស្ងប់ស្ងាត់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ប្រាសាទព្រៃមន្ទីរ គឺជាបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏មានតម្លៃមួយដែលកំពុងលាក់ខ្លួនយ៉ាងស្ងប់ស្ងាត់ក្នុងតំបន់រលួស។ សំណង់ស្ថាបត្យកម្មសាសនាធ្វើអំពីឥដ្ឋនាដើមសតវត្សរ៍ទី៩ (រជ្ជកាលព្រះបាទជ័យវរ្ម័នទី៣) នេះ ត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ដោយស្ថិតនៅទិសនិរតីនៃប្រាសាទបាគង។

ក្រៅពីតម្លៃស្ថាបត្យកម្មដ៏ចំណាស់ ប្រាសាទនេះមានលក្ខណៈពិសេស៤យ៉ាង ដែលអ្នកទេសចរ និងអ្នកសិក្សាស្រាវជ្រាវមិនអាចបំភ្លេច៖ អាងទឹកថ្មភក់ និងសិលាចារឹកអាថ៌កំបាំង ដែលមានរាងចតុកោណកែង មានឆ្លាក់ក្បូរក្បាច់យ៉ាងរស់រវើក ព្រមទាំងមានចារឹកអក្សរបង្កប់នៅផ្នែកខាងក្រោមជញ្ជាំងអាង ដែលជាភស្តុតាងប្រវត្តិសាស្ត្រយ៉ាងសំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវ។ ម្យ៉ាងទៀត មានតម្រុយអតីតព្រះបរមរាជវាំង បើផ្អែកលើឈ្មោះ «មន្ទីរ» និងរចនាសម្ព័ន្ធបរិវេណដ៏ប្លែកពីប្រាសាទដទៃ នាំឱ្យអ្នកស្រាវជ្រាវដាក់ការសន្និដ្ឋានថា ទីតាំងនេះអាចជាអតីត «ព្រះបរមរាជវាំង» នៃរាជធានីហរិហរាល័យ ដែលជាមជ្ឈមណ្ឌលគ្រប់គ្រងចក្រភពខ្មែរនាសម័យអង្គរដំបូង។

ជាមួយគ្នានេះ លក្ខណៈស្ថាបត្យកម្មរចនាបថព្រះគោ មានលក្ខណៈខុសប្លែកពីប្រាសាទភ្នំដ៏ខ្ពស់ត្រដែតដទៃទៀត ប្រាសាទព្រៃមន្ទីរមានតួប្រាសាទឥដ្ឋចំនួន៣ សាងសង់តម្រៀបជួរគ្នាយ៉ាងផ្ចិតផ្ចង់ បង្ហាញពីភាពរឹងមាំ និងសោភ័ណភាពសិល្បៈខ្មែរបុរាណ។ ព្រៃមន្ទីរស្ថិតនៅបរិស្ថានធម្មជាតិស្ងប់ស្ងាត់ សម្រាប់អ្នកនិយមទេសចរណ៍វប្បធម៌-ធម្មជាតិ ដែលជាជម្រើសដ៏ល្អឥតខ្ចោះ។ ប្រាសាទត្រូវបានហ៊ុមព័ទ្ធដោយដើមឈើធំៗត្រឈឹងត្រឈៃ បង្កើតបានជាបរិយាកាសត្រជាក់ស្រេប និងស្ងប់ស្ងាត់សម្រាកស្រូបខ្យល់អាកាសបរិសុទ្ធ និងផ្ដិតយករូបភាពអនុស្សាវរីយ៍ដ៏មានន័យ។

ប្រសិនបើលោកអ្នកមានបេសកកម្ម ឬដំណើរទស្សនាចរមកកាន់តំបន់រលួស សូមកុំរំលងការឈានជើងចូលទស្សនាប្រាសាទព្រៃមន្ទីរ ដើម្បីទទួលយកចំណេះដឹងថ្មីអំពីតម្លៃអារ្យធម៌ដើមសម័យអង្គរ និងទទួលយកបទពិសោធន៍ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ស្ងប់ស្ងាត់ ប្រកបដោយអត្ថន័យស៊ីជម្រៅនេះ៕


Khcct banner

អត្ថបទទាក់ទង